បញ្ចប់សាងសង់ ១០០% ហើយ នឹងត្រៀមសម្ពោធផ្លូវជាតិមួយខ្សែភ្ជាប់ពីស្រុកកោះធំទៅស្ពានអ្នកលឿង

ខេត្តកណ្តាល ៖ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការ កាលពីរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ២៣ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារនៃការរៀបចំរបស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ សំដៅធានាធ្វើយ៉ាងណាឱ្យដំណើរការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែកតភ្ជាប់ជាមួយផ្លូវជាតិលេខ ១៤ ត្រង់គីឡូម៉ែត្រលេខ ៥៤+២៣៣ នៃភូមិសាស្រ្តខេត្តកណ្តាលនិងឆ្ពោះទៅស្ពានអ្នកលឿង គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕