បច្ច័យសង្កត់ត្រ័យចំនួន ៩៩,៩៩៩,៩០០រៀល ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តឱង្ការាម

បច្ច័យសង្កត់ត្រ័យចំនួន ៩៩,៩៩៩,៩០០រៀល ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តឱង្ការាម ។
ក្នុងឱកាសដែលប្រជាពុទ្ធសាសនិកជន បាននឹងកំពុងចូលរួមប្រកបដោយសទ្ធាជ្រះថ្លា ផ្តើមជាអង្គកឋិនទានដើម្បីប្រមូលនូវបច្ច័យត្រ័យជ័យវរ និងគ្រឿងបរិក្ខារដង្ហែទៅកាន់ទីអារាមនានាដើម្បីទទួលយកអានិសង្សរៀងៗខ្លួននោះ ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ រួមនិងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆន្ទផ្តើមជាអង្គកឋិនទានសាមគ្គីដើម្បីប្រមូលត្រ័យជ័យវរទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមាអស់កាលត្រីមាសនៅទីអារាមវត្ត ឱង្ការាម ឋិតក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
ពិធីអង្គកឋិនទានបានប្រារព្ធធ្វើឡើងទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយនៅវេលាល្ងាចថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តនិងសម្តែងព្រះធម៌ទេសនា លុះព្រឹកឡើងថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន រួមនិងពុទ្ធបរិស័ទ ដង្ហែអង្គកឋិនទានប្រទាក់សិន៣ជុំព្រះវិហារ វេរប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបញ្ជប់នៃកម្មវិធីបុណ្យ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានប្រសាសន៍ថា ក្រោយពេលប្រទេសជាតិបានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ប៉ុលពត (ដែលបានបំផ្លិចបំផ្លាញវិស័យសាសនានេះស្ទើរតែទាំងស្រុង វិស័យព្រះពុទ្ធសាសនា នៅកម្ពុជា ត្រូវបានស្តារឡើងវិញ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គួរឲ្យកត់សម្គាល់ ដោយក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងជាអត្តសញ្ញាណជាតិ បានចាប់ផ្តើមរស់រានមានជីវិតឡើងវិញបន្តិចម្តងៗ។
វត្តអារាម រូបបដិមា និងហេដ្ឋារចនាសម្ព័ន្ធសាសនា ដែលត្រូវបំផ្លាញ ឬប្រែក្លាយទៅជាឃ្លាំង ឬគុក ត្រូវបានរៀបចំជួសជុល និងកសាងឡើងវិញ គម្ពីរដីកា ធម្មវិន័យ ត្រូវបានអនុញ្ញាតឲ្យបោះពុម្ព និងផ្សព្វផ្សាយឡើងវិញ ពុទ្ធិកសាសនាបណ្ឌិត ត្រូវបានរៀបចំដំណើរការឡើងវិញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការបណ្ដុះបណ្ដាលព្រះសង្ឃ និងធនធានមនុស្សប្រកបដោយគុណធម៌។
ជាមួយគ្នានេះ ព្រះពុទ្ធសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញជា សាសនារបស់រដ្ឋ ដែលធានាសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនាផ្សេងៗផងដែរ។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចំនួនវត្តអារាម និងព្រះសង្ឃបានកើនឡើងយ៉ាងច្រើនទូទាំងប្រទេស។ យុវជនមានលទ្ធភាពចូលសាងផ្នួស និងសិក្សាធម៌វិន័យដោយសេរី។ ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គម ដូចជាការអប់រំ សីលធម៌ វប្បធម៌ ការងារមនុស្សធម៌ និងការកសាងស្ពាន ថ្នល់ ក្នុងមូលដ្ឋានជាដើម។
មិនតែប៉ុណ្ណោះ ក្រោយការអនុវត្តនូវនយោបាយឈ្នះឈ្នះបាននាំមកនូវសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាកត្តាចម្បងបំផុតអនុញ្ញាតឱ្យសាសនាទាំងអស់ រួមទាំងព្រះពុទ្ធសាសនា អាចរីកចម្រើន និងគង់វង្សស្ថិតស្ថេរដូចក្នុងពេលបច្ចុប្បន្ន។
រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បន្តអនុវត្ត និងពង្រឹងគោលនយោបាយលើកតម្កើងព្រះពុទ្ធសាសនា ដែលទាំងនេះបានបង្ហាញមោទនភាពចំពោះ សុខដុមរមនាសាសនានៅកម្ពុជា ដោយបញ្ជាក់ថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិគោរពជំនឿសាសនាដោយគ្មានការរើសអើង និងគ្មានជម្លោះសាសនាកើតឡើងឡើយ។ រាជរដ្ឋាភិបាលបន្តគាំទ្រការរីកចម្រើននៃពុទ្ធិកសាកលវិទ្យាល័យ ព្រោះយល់ឃើញថា ការអប់រំនេះមិនត្រឹមតែពង្រឹងផ្នែកពុទ្ធចក្រប៉ុណ្ណោះទេ ថែមទាំងបណ្ដុះបណ្ដាលធនធានមនុស្សដែលមាន សីលធម៌ និងគុណធម៌ សម្រាប់សង្គមជាតិទាំងមូល។សរុបមកការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនានៅកម្ពុជា គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងចាប់ពីថ្ងៃរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តអភិវឌ្ឍន៍រហូតមកដល់បច្ចុប្បន្ន ក្រោមម្លប់នៃ សន្តិភាព និង សុខដុមរមនាសាសនា ដែលជាសមិទ្ធផលដ៏ធំធេងនៃថ្នាក់ដឹកនាំជាបន្តបន្ទាប់។
ក្នុងឱកាសដែរនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទា ឆាយ សាលីន បានមកយកបច្ច័យរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ព្រមទាំងបច្ច័យសរបស់ពុទ្ធបរិស័ទសង្កត់ត្រ័យអង្គកឋិនទានសរុបចំនួន៩៩,៩៩៩,៩០០(៩៩លាន៩៩ម៉ឺន៩ពាន់៩រយ)រៀលសម្រាប់ជួយទ្រទ្រង់ព្រះសង្ឃ និងការកសាង សមិទ្ធិផលនានា នៅក្នុងវត្តអង្គឱង្ការាម។