បច្ច័យជាង៤០លានរៀន ត្រូវបាន ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាង នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ វេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តឃ្លាំងសៀម ឋិតក្នុងខេត្តតាកែវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹងសារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានហែរផ្កាប្រាក់សាមគ្គី វេរប្រគេនព្រះសង្ឃគង់នៅវត្តឃ្លាំងសៀម ឋិតក្នុងភូមិ ក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥។
វត្តមានអញ្ជើញដល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ មានការទទួលស្វាគមន៍ពីសំណាក់ព្រះសង្ឃ លោកអាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនអធិកអធមផងដែរ។
បន្ទាប់ពី ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ រួមទាំងពុទ្ធបរិស័ទបានដង្ហែរផ្កាប្រាក់សាមគ្គីប្រទក្សិណជុំវិញព្រះវិហារចំនួន៣ជុំ និងបានបូជាផ្កាផ្ញី ទៀនធូបដល់ព្រះពុទ្ធរូបស្នងអង្គដើម្បីបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះគុណព្រះរតនៈត្រ័យព្រមទាំងធ្វើកិច្ចទៅតាមកន្លងពុទ្ធសាសនារួចមក ឯកឧត្តម និងលោកជំទាវ បានវេរប្រគេនបច្ច័យជាង៤០លានរៀល ដល់ព្រះសង្ឃគង់នៅវត្តឃ្លាំងសៀម ដើម្បីទុកសម្រាប់កងសាងនូវសមិទ្ធផលនានាសម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាពុទ្ធបរិស័ទគោរពបូជា។
សូមជម្រាបថា បុណ្យផ្កាសាមគ្គីជាពិធីធីបុណ្យពុទ្ធសាសនាដ៏មានអត្ថន័យ ដែលជាពិធីបុណ្យប្រពៃណីមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមវត្តអារាមនានាក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតាមទីកន្លែងដែលមានពុទ្ធបរិស័ទខ្មែររស់នៅ។ ពិធីបុណ្យនេះមានលក្ខណៈពិសេសត្រង់ថា ជាការរួមចំណែកបរិច្ចាគថវិកា ឬបច្ច័យពីសំណាក់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដើម្បីប្រមូលផ្តុំគ្នាជាទឹកប្រាក់បូជាទៅកាន់វត្តអារាមសម្រាប់កសាង សាងសង់ ជួសជុល និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្ត។
ជាពិសេសបុណ្យផ្កាសាមគ្គី មិនមែនត្រឹមតែជាការប្រមូលបច្ច័យប៉ុណ្ណោះទេ ប៉ុន្តែវាផ្ទុកនូវអត្ថន័យជ្រាលជ្រៅជាច្រើនរួមទាំងការរួបរួមសាមគ្គី ការកសាងបុណ្យកុសល ការអភិវឌ្ឍន៍វត្តអារាមនិងការប្រតិបត្តិនូវសេចក្តីល្អ។ បុណ្យផ្កាសាមគ្គី គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីជំនឿដ៏មុតមាំ និងការរួបរួមរបស់ពុទ្ធបរិស័ទខ្មែរក្នុងការថែរក្សា និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្សស្ថិតស្ថេរជានិច្ចតរៀងទៅ។