បច្ចុប្បន្នកម្ពុជា បោសសម្អាត និងកម្ទេចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានជាង ៤លាន ៤៦ម៉ឺនគ្រាប់

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គម បានអោយដឹងថា ៖ កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះប្រកបដោយជោគជ័យទាំងឆាកជាតិនិងអន្តរជាតិទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០!! កម្ពុជាបានបញ្ជាក់ថា គ្រប់ភាគីជម្លោះបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ ៤-៦លានគ្រាប់ ហើយគិតមកដល់ពេលនេះកម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង ១លាន ២សែនគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេសសម្រាប់បម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋនិងអភិឌ្ឍន៍ប្រទេសឡើងវិញ។
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បញ្ជាក់ថា ៖ គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាតនិងកម្ទចចោលទាំងគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង៤លាន៤៦ម៉ឺនគ្រាប់។
ឯកឧត្តម បន្ថែមថា ៖ ដូចខ្ញុំលើកឡើងកន្លងមកបូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវខាងក្រោមនេះជាខ្លឹមសារសង្ខេបនៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា។
១. រដ្ឋភាគីនីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រង់របស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។
២. រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយ
ផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាកុំដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល៕