ខេត្តកំពង់ចាម ៖ ក្រុមឈ្មួញបានដឹកតាមរថយន្តចេញមកពីខេត្តសៀមរាបក្នុងគោលបំណងយកទៅលក់នៅប្រទេសវៀតណាម ដែលមានចំនួនពីររថយន្ត ត្រូវបានបង្ក្រាបទាន់ពេលវេលាដោយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយបានចាក់លែងចូលក្នុងទន្លេមេគង្គនាពព្រឹកថ្ងៃទី៨ឧសភា ឆ្នាំ២០២៥ ចំណុចក្បែរក្រោមស្ពានគីហ្ស៊ុណា ក្រុងកំពង់ចាម ដើម្បីឲ្យលៀសតូចៗទាំងនោះបង្កើតកូនចៅសម្បូរឡើងវិញ។
មន្ត្រីជំនាញជលផលបន្តឲ្យដឹងទៀតថា ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះបង្ក្រាបបទល្មើសជលផល ដឹកជញ្ជូនផលជលផលដោយគ្មានលិខិតអនុញ្ញាត (លៀស) បានចំនួន ០២ករណី ដោយដកហូតឃាត់ទុកនូវវត្ថុតាងបទល្មើសជលផល ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល រួមមាន៖ករណីទី១ រថយន្តម៉ាក Hyundai ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0964 ចំនួន ០១គ្រឿង លៀសសរុប ទម្ងន់ ៥,០០០គីឡូក្រាម។
ករណីទី២ រថយន្តម៉ាក Sangyong ពាក់ស្លាកលេខ កំពង់ឆ្នាំង 2C-2015 ចំនួន ០១គ្រឿង លៀសសរុប ទម្ងន់ ៤,៥០០គីឡូក្រាម នៅចំណុចចំការកៅស៊ូ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
លៀសសរុបទម្ងន់ ៩,៥០០ គីឡូក្រាម បានលែងចូលទន្លេមេគង្គវិញ ចំណែកឯរថយន្ត រក្សាទុកនៅខណ្ឌរដ្ឋបាលជលកំពង់ចាម ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។ ជំនាញជលផលអំពាវនាវឲ្យប្រជានេសាទសូមនាំគ្នាថែរក្សាធនធានធម្មជាតិធ្វើយ៉ាងណានេសាទតាមច្បាប់អនុញ្ញាត ជៀសវាងកុំអូសយកទាំងលៀសតូចៗ ព្រោះជាទង្វើខុសច្បាប់ ៕