បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ប្រមាណជាង១៥ម៉ឺននាក់ បានមកចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា

 

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បងប្អូនជនរួមជាតិមកពីគ្រប់ទិសទី ទាំងប្រជាពលរដ្ឋរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តជុំវិញ រួមមានទាំងព្រះតេជគុណព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ សហគ្រិន អាជីវករ សិល្បករ កីឡាករ សិស្ស និស្សិត  ជាពិសេស អ្នកចូលរួមមកពីគណបក្សនយោបាយនានាក៏បានចូលរួមជាមួយគ្នាផងដែរបានមកប្រមូលផ្តុំយ៉ាងច្រើនកុះករនៅមុខសាលមហោស្រពកោះពេជ្រ រួចធ្វើដំណើរថ្មើជើងឆ្ពោះទៅកាន់វិមានឯករាជ្យ ដែលជានិមិត្តរូបនៃភាពអង់អាចក្លាហាន ការពារទឹកដី និងក្តីស្រលាញ់សម្រាប់មាតុភូមិកម្ពុជានៃយើង ។ 

ការជួបជុំនេះបានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងទៅលើចំណាត់ការរបស់រាជរដ្ឋាភិបាលប្រកបដោយភាពចាស់ទុំ ម៉ឺងម៉ាត់ ហ្មត់ចត់ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារួមគ្នាបង្ហាញពីការផ្ដល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខ ព្រមទាំង បង្ហាញពីជំហរឥតងាករេរបស់ប្រជាជនខ្មែរ។

សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តួចផ្តើមគំនិតរៀបចំ កម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ក្នុងរយៈពេលដ៏ខ្លី ដែលកម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបងប្អូនជនរួមជាតិខ្មែរ។ 

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ក្នុងស្មារតីនេះ ដំណើរថ្មើរជើង របស់ខ្មែររាប់ម៉ឺននាក់ នាពេលនេះ មិនមែនជា ការបង្ហាញកម្លាំង ឬការគំរាមកំហែងទៅនរណានោះទេ ប៉ុន្តែដើម្បីបង្ហាញ សាមគ្គីភាពក្នុងការគាំទ្រ លើប្រសាសន៍ និងគោលជំហរដ៏រឹងមាំរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ ៖ ១) គាំទ្រដាច់ខាតនូវភាពត្រឹមត្រូវរបស់កម្ពុជា ដែលក្នុងនោះ យើងមិនចង់ បានទឹកដីរបស់ប្រទេសណាមួយ សូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជា ក៏មិនឲ្យ នរណាយកទឹកដីសូម្បីតែមួយមីលីម៉ែត្រផងដែរ។ ២) បង្ហាញការគាំទ្រវិធានការរាជរដ្ឋាភិបាល ទាំងផ្អែកការទូត ផ្នែកការពារជាតិ ផ្នែក ច្បាប់ និងខឿនការពារជាតិប្រជាជន ដោយប្រកាន់ខ្ជាប់នូវគោលជំហរ រក្សាសន្តិ ភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង និងមានភាព ចាស់ទុំក្នុងការដោះស្រាយបញ្ហា ដោយមិនចង់ពង្រីកបញ្ហា ទៅវិស័យផ្សេង ទៀត នោះឡើយ។ ៣) បង្ហាញការគាំទ្រការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈតុលាការយុត្តិធម៌អន្តរ ជាតិ (ICJ) សម្រាប់ការដោះស្រាយបញ្ហាព្រំដែន នៅតំបន់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយឈរលើស្មារតី ត្រូវ ពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ ក្នុងន័យនេះ កម្ពុជានឹងគោរពតាមការ សម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្ដថាការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលប្រជាជនខ្មែរគ្រប់រូប ចង់ បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថ ណាមួយ ប្រជាជនខ្មែរ នឹងមិននៅស្ងៀមនោះទេ ហើយយើងនឹងងើបឈរ ដោយស្មារតីរួមគ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិ ក្នុងការ ការពារបូរណភាព ទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាពសុខសាន្ត របស់ប្រទេស និងប្រជាជនយើង។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា សូមបងប្អូនជនរួមជាតិ ចងចាំថា ការរួបរួមរបស់យើងនៅថ្ងៃនេះ គឺស្របតាមព្រះរាជបណ្តាំរបស់ សម្តេចតា ថា “ខ្មែររួបរួម ខ្មែរខ្លាំង” ដែលជា មូលដ្ឋានដ៏រឹងមាំសម្រាប់កម្ពុជា តាំងពីអតីតកាលរហូតដល់ថ្ងៃនេះ និងតទៅអនាគ ត។ លើមូលដ្ឋាននៃការរួបរួមនេះ ដែលយើងត្រូវចេះរៀនរស់ដោយខ្លួនឯង ដូច ប្រសាសន៍ណែនាំជាបន្តបន្ទាប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត ក្នុងការសម្រេចឲ្យបាន នូវការការពារអធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍសង្គមកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់ ព្រះករុណា ព្រះបាទស ម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ជាអង្វែងតទៅរៀងទៅ៕