បងប្អូនជនភៀសសឹក រស់នៅបណ្តោះអាសន្ន ក្នុងក្រុងរុនតាឯកតេជោសែន នាំគ្នាប្រមូលផលបន្លែដែលដាំដុះបាន
ខេត្តសៀមរាប ៖ ស្របតាមការណែនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប និងជាក្រោមគំនិតផ្ដួចផ្ដើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចាប់ពីថ្ងៃទី២៣ ដល់ទី២៧ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងក្រុមការងារក្រុងរុនតាឯកតេជោសែន បានប្រមូលផលបន្លែ ដែលបានដាំចំនួន ៤៨៥គីឡូក្រាម ដោយក្នុងនោះរួមមាន ផ្ទីចំនួន៨០គីឡូក្រាម ត្រកួន ១០៥គីឡូក្រាម និងស្ពៃចំនួន ៣០០គីឡូក្រាម ចែកជូនបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន។
ឯកឧត្តម អ៊ឹង សោភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន បានបង្ហាញថា សមិទ្ធផលទាំងនេះ បានមកពីគំនិតផ្ដួចពីសំណាក់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងស្របតាមការណែនាំ របស់ឯកឧត្ដមអភិបាលខេត្ដ ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន មន្រ្ដីកសិកម្ម ព្រះសង្ឃ និងបងប្អូនពលរដ្ឋភៀសសឹក ដែលបានខិតខំ និងយកចិត្ដទុកដាក់ក្នុងការដាំបន្លែនៅសួនបន្លែជនភៀសសឹក ដែលចេញជាលទ្ធផលផ្លែផ្កានាពេលនេះ។
អភិបាលក្រុង បានជំរុញ និងលើកទឹកចិត្ដដល់បងប្អូនភៀសសឹកទាំងអស់ បន្ដយន្ដការក្នុងការដាំបន្លែជាបន្ដទៀត ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ ក្នុងកំឡុងពេលស្នាក់នៅជាបណ្ដោះអាសន្ន និងកាត់បន្ថយការចំណាយថវិកាបានមួយកម្រិត៕



