នៅសល់១២ម៉ោងទៀតអាម៉េរិកនឹងវាយកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់! ខណៈលោក Trump រិះគន់សម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង អូស្រាលី និងជប៉ុន ដែលបានបដិសេធមិនសហការជាមួយលោក
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានបន្តត្អូញត្អែរអំពីការបដិសេធរបស់សម្ព័ន្ធមិត្ត NATO ក្នុងកិច្ចសហការចូលរួមបើកច្រកសមុទ្រ Hormuz ឡើងវិញ និងភាពស្ទាក់ស្ទើររបស់ពួកគេដើម្បីជួយប្រតិបត្តិការវាយលុករបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ដែរ។ ប៉ុន្តែនៅពេលដែលលោកបានបញ្ចប់សន្និសីទសារព័ត៌មានដ៏វែងរបស់លោកកាលពីថ្ងៃចន្ទនេះ (ម៉ោងនៅអាម៉េរិក)លោកក៏បានបង្ហាញពីភាពខឹងសម្បារចំពោះកង្វះខាតលើកិច្ចគាំទ្រពីសម្ព័ន្ធមិត្តក្នុងតំបន់ប៉ាស៊ីហ្វិកផងដែរ។ លោក Trump បាននិយាយថា “អ្នកដឹងទេថាអ្នកណាផ្សេងទៀតក៏មិនបានជួយយើងដែរ? ក្នុងនោះប្រទេសកូរ៉េខាងត្បូងមិនបានជួយយើងទេ”។ អ្នកដឹងទេថាអ្នកណាផ្សេងទៀតមិនបានជួយយើង? ក៏មានអូស្ត្រាលីដែរ ដែលមិនបានជួយយើង។ ចុះអ្នកដឹងទៀតទេថាអ្នកណាផ្សេងទៀតមិនបានជួយយើង? ក៏មានជប៉ុនដែរ។ យើងមានទាហាន ៥ម៉ឺននាក់នៅក្នុងប្រទេសជប៉ុនដើម្បីការពារពួកគេពីកូរ៉េខាងជើង។ យើងមានទាហាន ៤ម៉ឺន៥ពាន់នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីការពារពួកគេពីលោក Kim Jong Un ដែលខ្ញុំធ្លាប់បានសម្របសម្រួលជាមួយពួកគេបានយ៉ាងល្អ”។ ប្រធានាធិបតី Trump ក៏បាននិយាយផងដែរថា ប្រត្តិបត្តិការពួកយើងបានចំណាយពេល ៤ម៉ោងដើម្បីបំផ្លាញស្ពាន និងរោងចក្រថាមពលរបស់អ៊ីរ៉ង់។ ប្រធានាធិបតីរូបនេះបានពិពណ៌នាអំពីផលវិបាកដែលអ៊ីរ៉ង់កំពុងនឹងប្រឈមមុខ ប្រសិនបើវាមិនឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកត្រឹមម៉ោង៨យប់ថ្ងៃអង្គារនេះ ដែលជាពេលវេលាផុតកំណត់នៃការអត់ធ្មត់របស់លោក Trump ហើយ។ លោក Trump បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរទៀតថា “យើងមានផែនការមួយ ដោយសារតែអំណាចយោធារបស់យើង ដែលស្ពានទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវបំផ្លាញចោលនៅម៉ោង ១២ នាយប់ស្អែកនេះ (ម៉ោងនៅអាម៉េរិក)។ លោកបានបន្តថា រោងចក្រថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់នឹងឆេះ នឹងផ្ទុះ ហើយមិនដែលត្រូវបានប្រើប្រាស់ជាថ្មីម្តងទៀតឡើយ”។ លោក Trump បានបដិសេធមិននិយាយថាតើគោលដៅជនស៊ីវិលណាមួយនឹងមិនត្រូវបានហាមឃាត់ក្នុងការឆ្លើយតបនៃប្រតិបត្តិការរបស់សហរដ្ឋអាមេរិកឬក៏អត់នោះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



