នៅថ្ងៃសៅរ៍នេះក្រុងសេអ៊ូលនឹងកម្មវិធីប្រគុំតន្រ្តីខ្នាតយក្សដោយក្រុមចំរៀង BTS វិលត្រលប់មកវិញនៅទីលាន Gwanghwamun ដ៏ល្បីល្បាញរបស់កូរ៉េដែលអាចទាក់ទាញមនុស្សជាង២សែន៤ម៉ឺននាក់….. 

ការប្រគំតន្ត្រីខ្នាតធំរបស់ក្រុមកំពូលតារាចំរៀងកូរ៉េ BTS បានវិលត្រឡប់មកវិញហើយ បន្ទាប់ពីការរង់ចាំរយៈពេលដ៏យូរមកនាយប់ថ្ងៃសៅរ៍នេះ ដែលនឹងធ្វើឡើងនៅទីលាន Gwanghwamun (ហ្កាំងវ៉ាមុន) ក្នុងទីក្រុងសេអ៊ូល ដែលជាទីតាំងសម្គាល់ដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង និងជាទីតាំងតំណាងឱ្យសម្បត្តិបេតិកភណ្ឌរាជវង្ស ជីវិតនយោបាយ និងវប្បធម៌របស់កូរ៉េដែរ។ មុនពេលចាប់ផ្តើមមានអ្នកគាំទ្រចំនួន ២០,០០០នាក់ត្រូវគេរំពឹងថានឹងមកប្រមូលផ្តុំគ្នានៅទីលាននេះ ដោយមានសមាជិកទាំង៧នាក់របស់ក្រុមតារាចំរៀង K-pop ដ៏ធំសម្បើម ដែលសុទ្ធតែជាជនជាតិកូរ៉េខាងត្បូង នឹងសម្តែងបទចម្រៀងពីអាល់ប៊ុមដំបូងរបស់ពួកគេក្នុងរយៈពេលជិត៤ឆ្នាំមកនេះ គឺ “ARIRANG” ដែលជាចំណងជើងដែលដាក់ឈ្មោះតាមបទភ្លេងប្រជាប្រិយប្រពៃណីដ៏ពេញនិយមបំផុតនៅលើឧបទ្វីបកូរ៉េ។ «’ARIRANG’» គឺជាអាល់ប៊ុមមួយដែលបង្ហាញពីប្រភពដើម និងអត្តសញ្ញាណរបស់ BTS ហើយនាំមកនូវសារដែលពួកគេចង់បង្ហាញនៅពេលនេះដែរ» ។ Hybe Corp. (ហែប ខូប ដត) ដែលជាក្រុមហ៊ុនធំគ្រប់គ្រងក្រុម BTS ផ្ទាល់បាននិយាយប្រាប់អ្នកយកព័ត៌មានថា «យោងតាមការពិចារណាលើសារៈសំខាន់ជានិមិត្តរូបរបស់ពាក្យ ‘Arirang’ យើងបានសម្រេចចិត្តធ្វើការសម្តែង Concert ដ៏ធំនេះ នៅបរិវេណ Gwanghwamun ដែលជាកន្លែងដ៏ល្បីមួយតំណាងឱ្យប្រទេសកូរ៉េរបស់យើងដែរ»។ ទីលាន Gwanghwamun ត្រូវបានដាក់ឈ្មោះតាមក្លោងទ្វារដ៏ធំនៃ វិមាន Gyeongbokgung (ហ្កាំងបុកហ្គុង) ដែលនៅក្បែរនោះ ដែលជាព្រះបរមរាជវាំងសម្រាប់រាជវង្ស Chosun ចុងក្រោយរបស់ប្រទេសកូរ៉េ ដែលបានគ្រប់គ្រងឧបទ្វីបនេះអស់រយៈពេលជាង ៥០០ឆ្នាំរហូតដល់ការដួលរលំរបស់ខ្លួននៅឆ្នាំ ១៩១០។ ក្រៅពីទទួលបានអ្នកគាំទ្រចំនួន ២០,០០០នាក់ក្នុងនៅទីលាននេះហើយ វាជាកើនដល់២សែន៤ម៉ឺននាក់នៅតាមកន្លែងផ្សេងទៀតជាពិសេសតំបន់ក្បែរខាងបរិវេណប្រគុំតន្ត្រី ដើម្បីអបអរសាទរការវិលត្រឡប់មកវិញរបស់ក្រុម BTS និងទស្សនាការប្រគុំតន្ត្រីរបស់ពួកគេនៅលើអេក្រង់ LED ដ៏ធំៗបានផងដែរ។ ជាជំហានសុវត្ថិភាព អាជ្ញាធរមានគម្រោងបិទផ្លូវសម្រាប់ការឆ្លងកាត់តែត្រឹមរថភ្លើងក្រោមដីមួយចំនួននៅតាមស្ថានីយ៍តែប៉ុណ្ណោះ និងប្រកាសបិទទីលាន Gyeongbokgung ផងដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ