នៅថ្ងៃទី៩ ខែកញ្ញា នឹងដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយបញ្ចប់ការសាងសង់ ១០០%

ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F តម្លៃ ១,៥ ពាន់លានដុល្លារ ដំណាក់កាលទី១ បានបិទបញ្ចប់ការសាងសង់ ១០០% នឹងត្រៀមបើកឱ្យដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ដែលបើកស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីក្នុងតំបន់ និងសកលលោក។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យនិងប្រជុំវាយតម្លៃ លើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោបានបញ្ចប់ការសាងសង់រួចហើយ អ្វីដែលនៅសេសសល់គឺការងារសម្អាត បណ្ដុះបណ្ដាល ការងាររៀបចំឯកសារ ខណៈអាកាសចរស៊ីវិលនឹងចេញវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥។
វិស័យអាកាសចរណ៍កម្ពុជាកំពុងឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការនាពេលខាងមុខនៃអាកាសយានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើងមានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ ឈ្មោះ ជា សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកប ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។
អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ តម្លៃ ១,៥ ពាន់លានដុល្លារ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕