នៅថ្ងៃទី១ ខែមេសានេះ​ ស្ពានឆ្លង​ទន្លេ​ខេត្ត​ក្រចេះ​ បាន​បើកឲ្យ​ពលរដ្ឋឆ្លងកាត់ហើយ

ខេត្តក្រចេះ ៖ ដូចការគ្រោងទុក“ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះហើយ។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ តាមរយៈ​“ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ដែល​បានដាក់​ឲ្យប្រើប្រាស់​នេះ នឹង​ចូលរួម​លើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែល​ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់​ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់​នៅ​ត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀត។

ស្ពាននេះនឹងចូលរួមបង្កើន​ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់នេះ​ ប្រើប្រាស់ឥណទានសម្បទានពីចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក ដែល​សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC)៕៕