នៅតែបន្តបាញ់ នៅតែបន្តសងសឹកគ្នា! អ៊ីរ៉ង់បាញ់ប្រហារទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ ខណៈអ៊ីស្រាអែលបន្តបាញ់ប្រហារក្រុម Hezbollah នៅលើទឹកដីលីបង់

កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅ Irbil (អរប៊ីល) ដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែត ខណៈដែលការវាយប្រហារសងសឹក ដែលផ្តោតលើមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តរង្គោះរង្គើនៅឡើយ។ ក្រុមឆ័ត្រដែលមានឈ្មោះហៅក្រៅថា អង្គការតស៊ូឥស្លាម បាននិយាយថា ខ្លួនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដើម្បីសងសឹក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើរដ្ឋអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ពួកគេគឺលោក Ayatollah Ali Khamenei (អាយ៉ាតូឡា អាលី ខាំម៉ានី)។ មិនយូរប៉ុន្មាន ខ្លួនបានចេញសេចក្តីថ្លែងការណ៍មួយផ្សេងទៀតថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ពមួយផ្សេងទៀតដោយរ៉ុក្កែតដែរ។ មិនមានរបាយការណ៍ភ្លាមៗអំពីចំនួនមនុស្សស្លាប់ និងរបួសនោះទេ។ ប៉ុន្តែរូបភាពវីដេអូពី Irbil បានបង្ហាញនូវគ្រាប់ផ្លោងពីលើអាកាសយានដ្ឋាន និងមីស៊ីលការពារដែនអាកាសដែលបានដាក់ពង្រាយនៅជិតមូលដ្ឋានទ័ពអាមេរិក។ ការវាយប្រហារទាំងនេះបានកើតឡើង ខណៈដែលអ៊ីរ៉ង់បានស្បថសងសឹកនៅថ្ងៃអាទិត្យ បន្ទាប់ពីពួកគេបាន សម្លាប់មេដឹកនាំកំពូលរបស់ខ្លួន ថានឹងតបវិញដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល និងប្រទេសឈូងសមុទ្រអារ៉ាប់ក្បែរៗខាង ដែលមានកងកម្លាំងអាមេរិកតាំងទីលំនៅ។ ចំណែកភាគីអ៊ីស្រាអែលវិញមិនដំអក់អ្វីឡើយបានសម្រុកវាយប្រហារលើរដ្ឋធានីបៃរូតរបស់លីបង់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធលីបង់មាន Hezbollah បានបាញ់មីស៊ីលឆ្លងកាត់ព្រំដែនខ្លួននៅព្រលឹមថ្ងៃចន្ទនេះ។ សកម្មភាពនេះបានធ្វើឲ្យអគារនានារំញ័រ និងបណ្តាលឲ្យបង្អួចបែកខ្ទេចខ្ទី។ សំឡេងយន្តហោះចម្បាំងលាន់លឺពាសពេញមេឃ និងទាបសឹងតែជិតលើក្បាលមនុស្សទៅហើយ។ ការវាយប្រហារលើប្រទេសលីបង់បានកើតឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់គ្រាប់ផ្លោងមួយគ្រាប់ដែលឆ្លងកាត់ចូលព្រំដែននោះចូលទៅក្នុងប្រទេសអ៊ីស្រាអែល។ មិនមានរបាយការណ៍អំពីមនុស្សរបួស ឬការខូចខាតនៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ។ នេះជាលើកដំបូងហើយក្នុងរយៈពេលជាងមួយឆ្នាំដែលក្រុម Hezbollah បានអះអាងពីការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។ ក្រុម Hezbollah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារទាំងនោះត្រូវបានធ្វើឡើងដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី និងចំពោះ “ការឈ្លានពានរបស់អ៊ីស្រាអែលម្តងហើយម្តងទៀត”។ មន្ត្រីរដ្ឋាភិបាលលីបង់បានជំរុញឲ្យក្រុម Hezbollah មិនត្រូវចូលរួមក្នុងការប្រយុទ្ធគ្នាដើម្បីគាំទ្ររដ្ឋអ៊ីរ៉ង់នោះទេ ដោយខ្លាចមានសង្គ្រាមមួយផ្សេងទៀត ព្រោះប្រទេសនេះមិនទាន់បានងើបឡើងវិញពីសង្គ្រាមអ៊ីស្រាអែល- Hezbollah ចុងក្រោយផង ដែលវាបានបញ្ចប់ដោយបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នោះ។ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបន្តវាយប្រហារស្ទើរតែរាល់ថ្ងៃនៅក្នុងប្រទេសលីបង់ ដែលមានគោលបំណងបញ្ឈប់ក្រុម Hezbollah ពីការប្រមូលផ្តុំគ្នាតែម្តង៕

 

សម្រួលអត្ថបទ៖​សុផារិន្ទ