នៅក្នុងខែកញ្ញា មានទុនវិនិយោគ ៤៧០ លានដុល្លារ លើគម្រោងចំនួន ៣៦ ត្រូវបានអនុម័ត

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៦គម្រោង ក្នុងទំហំទុនសរុបប្រមាណ ៤៧០លានដុល្លារ និងអាចបង្កើតឱកាសការងារប្រមាណ ១៧ពាន់កន្លែង នៅក្នុងខែកញ្ញា ឆ្នាំ ២០២៦។

ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន២៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៣៥ លានដុល្លារ និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១១ពាន់កន្លែង។

ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត មានចំនួន ១៣ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣៥លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៦ពាន់កន្លែង។

សកម្មភាព វិនិយោគក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ នៅតែបន្តផ្តោតសំខាន់លើវិស័យឧស្សាហកម្ម ខណៈវិស័យ កសិកម្មនិងកសិ ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ មាននិន្នាការកើនឡើង។

សញ្ញាណនេះ បង្ហាញពីការបន្តធ្វើពិពិធកម្មសកម្មភាពវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការជឿទុកចិត្តពីសំណាក់ វិនិយោគិនលើបរិស្ថានវិនិយោគនៅកម្ពុជា៕