និស្សិតមកពីសកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ធ្វើទស្សនកិច្ចសិក្សានៅក្រសួងព័ត៌មាន ដើម្បីឈ្វេងយល់បន្ថែមអំពីតួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន ក៏ដូចជាទទួលបាននូវជំនាញ និងសមត្ថភាព រួមជាមួយវិន័យ និងវិជ្ជាជីវៈ

(ភ្នំពេញ)៖ និស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា ITចំនួន ១២០នាក់ មកពីសកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ធ្វើទស្សនកិច្ចសិក្សានៅក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីទទួលបានចំណេះដឹងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា រួមទាំងកិច្ចការងារសំខាន់ៗដែលក្រសួងព័ត៌មានកំពុងធ្វើនាពេលបច្ចុប្បន្ន នៅទិសដៅនាពេលខាងមុខ។
នៅក្នុងសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើបទបង្ហាញអំពីប្រវត្តិ និងការងារទូទៅរបស់ក្រសួង ជម្រាបជូនដល់និស្សិតមកពីសកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយក្នុងបានលើកពីប្រវត្តិកាលពីអតីតកាល ក្រសួងព័ត៌មាន ស្ថិតក្រោមក្រសួង ឃោសនាការ វប្បធម៌ និងព័ត៌មាន , ក្រោយមកក្រសួងព័ត៌មាន ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ៧០អនក្រ.បក ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៩។ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅ ចូលរួមអភិវឌ្ឍសង្គមជាតិ និងលើកកម្ពស់នូវការយល់ដឹងរបស់សាធារណៈជនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឈរនៅលើគោលការណ៍វិជ្ជាជីវៈនិងសមធម៌សង្គម។ ក្នុងនោះ ក្រសួងគ្រប់គ្រងការចេញអាជ្ញាបណ្ណអាជីវកម្មសារព័ត៌មាន បទប្បញ្ញត្តិនានា និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងវិស័យ និងទទួលបន្ទុកក្នុងការធានាការប្រព្រឹត្តទៅរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋគ្រប់ប្រភេទរួមមាន៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP), វិទ្យុជាតិកម្ពុជា (RNK), ទូរទស្សន៍ ជាតិកម្ពុជា (TVK) និងកម្មវិធីព័ត៌មានលើទូរស័ព្ទ (MoINFO App)។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងនេះគឺជាប្រភពព័ត៌មានផ្លូវការរបស់កម្ពុជា។ រាល់ព័ត៌មានទាំងអស់ត្រូវបានផលិតឡើងដោយមន្ត្រីជំនាញ ដែលឈរលើគោលការណ៍វិជ្ជាជីវៈ និងបានឆ្លងកាត់ការផ្ទៀងផ្ទាត់ត្រឹមត្រូវមុនចេញផ្សាយ។ ឯកឧត្តម អ្នកនាំពាក្យ បានបញ្ជាក់ដែរថា ចក្ខុវិស័យ របស់ក្រសួងព័ត៌មាន « ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព » ដើម្បីគ្រប់គ្រងលំហរព័ត៌មាន និងសន្តិសុខព័ត៌មាន។
ចំពោះបេសកកម្មរបស់ក្រសួងព័ត៌មាន « ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងព័ត៌មាន លំហរព័ត៌មាន និងសន្តិសុខព័ត៌មាន ក្នុងវិស័យសារព័ត៌មាន » ។
ក្នុងឱកាសនេះដែរ ឯកឧត្តម អនុរដ្ឋលេខាធិការ បានជម្រាបជូនដល់និស្សិតឱ្យបានយល់ច្បាស់ពីប្រភេទប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងឌីជីថល ក៏ដូចជាណែនាំមូលដ្ឋានគ្រឹះពីរបៀបស្រាវជ្រាវព័ត៌មានតាមរយៈប្រភពព័ត៌មានផ្លូវការ ។ ត្បិតតែបច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយបែបទំនើប (ឌីជីថល) កំពុងរីកចម្រើនយ៉ាណាក្ដី ទន្ទឹមគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយបុរាណក៏ដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានប្រកបដោយភាពច្បាស់លាស់ ត្រឹមត្រូវ និងមានវិជ្ជាជីវៈ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបែបទំនើប គឺជាបណ្ដុំផ្សាយព័ត៌មានទាំងពិត និងក្លែងក្លាយ នៅលាយឡំគ្នា ដែលទាមទារឱ្យអ្នកប្រើប្រាស់ត្រូវតែមានចំណេះដឹងក្នុងការទទួលព័ត៌មាន ៕