និស្សិតជំនាញហិរញ្ញវត្ថុ និងធនាគារ និងជំនាញគណនេយ្យ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានការពារសារណា បញ្ចក់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រ បានដោយជោគជ័យ

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំកម្មវិធីការពារសារណា បញ្ចប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រ ឆ្នាំ២០២៥-ឆ្នាំ២០២៦ សម្រាប់និស្សិតជំនាន់ទី៧ ចំនួន៥នាក់ លើជំនាញហិរញ្ញវត្ថុ និងធនាគារ និងជំនាញគណនេយ្យ ដោយមានការចូលរួមជាអធិបតីភាព លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, គណៈកម្មការទទួលបន្ទុករួម ដែលមានតំណាងមកពីក្រសួងអប់រំយុវជន និងកីឡា, គណៈកម្មការវាយតម្លៃ ដែលជាសាស្ត្រាចារ្យ រួមនិងអ្នកជំនាញជាន់ខ្ពស់ ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។

លោកបណ្ឌិត ផុន ណារិន លើកឡើងថា កម្មវិធីការពារសារណានេះ ប្រារព្ធឡើងក្នុងគោលបំណង គឺផ្តល់ឱកាសឱ្យនិស្សិតបង្ហាញពីសមត្ថភាព ចំណេះដឹង និងលទ្ធផលនៃការស្រាវជ្រាវ លើប្រធានបទជាក់លាក់ណាមួយ ដែលទាក់ទងនឹងជំនាញសិក្សា ដូចជា ជំនាញហិរញ្ញវត្ថុ និងធនាគារ និងជំនាញគណនេយ្យ ដែលនិស្សិតបានសិក្សាកន្លងមក ដើម្បីទទួលបានសញ្ញាបត្រ។ ជាពិសេស ដើម្បីជំរុញវឱ្យនិស្សិតខិតខំប្រែក្លាយខ្លួនជា «បុគ្គលឆ្នើម» ដែលមានចំណេះដឹងច្បាស់លាស់ ធ្វើការងារបានត្រឹមត្រូវ រហ័សទាន់ពេលវេលា និងមានវិជ្ជាជីវៈខ្ពស់ ដើម្បីត្រៀមខ្លួនក្លាយទៅជា អ្នកបន្តវេន របស់សសរទ្រូងប្រទេសជាតិ។

លោកបណ្ឌិត បន្តថា ការសិក្សាគឺជាដំណើរការពេញមួយជីវិត មិនមែនបញ្ចប់ត្រឹមថ្ងៃនេះនោះទេ គឺ រៀនសូត្រពេញមួយជីវិត ដើម្បីបន្តអភិវឌ្ឍសមត្ថភាព និងចំណេះដឹងជានិច្ច ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យាទំនើប (AI និងឌីជីថល) ពីព្រោះ ចំណេះដឹង បច្ចេកវិទ្យា និងសង្គម មានការអភិវឌ្ឍន៍ថ្មីៗជារៀងរាល់ថ្ងៃ មិនមែនបញ្ចប់ត្រឹមការបញ្ចប់ថ្នាក់រៀន ឬត្រឹមទទួលបានសញ្ញាបត្រ១នោះទេ។

លោកបណ្ឌិត ផុន ណារិន វាយតម្លៃខ្ពស់ និង កោតសរសើរដល់និស្សិតទាំងអស់ ចំពោះការខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវ និងចងក្រងឯកសារសារណា ព្រមទាំងសាស្ត្រាចារ្យទាំងអស់ ដែលបានជូយណែនាំ និងជួយតម្រង់ទិសសម្រាប់និស្សិតក្នុងការការពារសារណានេះ ព្រោះនេះមិនត្រឹមតែជាការវាស់វែងសមត្ថភាពសិក្សារបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការត្រៀមខ្លួនរួចរាល់របស់និស្សិត ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា នាពេលអនាគត។