និយ័តករមូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

និយ័តករមូលបត្រកម្ពុជា បានសហការជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា រួមទាំងឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ 

 វិស័យហិរញ្ញវត្ថុ គឺជាសរសៃឈាមរបស់សេដ្ឋកិច្ច ហើយវិស័យមូលបត្រ គឺដើរតួនាទី យ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ។ ហេតុអ្វីបានជាមានការអះអាងបែបនេះ? ទីផ្សារមូលបត្រ គឺជាច្រកមួយផ្សេងទៀតនៅក្នុងការផ្តល់នូវប្រភពទុនសម្រាប់សហគ្រាសអាជីវកម្មនៅកម្ពុជា ដើម្បី ពង្រីកអាជីវកម្មរបស់ខ្លួន, លើកកម្ពស់តម្លាភាព និងអភិបាលកិច្ចល្អ, ធ្វើឱ្យមានលំហូរសាច់ប្រាក់ នៅក្នុងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព, លើកកម្ពស់ការវិនិយោគក្នុងប្រទេស, អាចទាក់ទាញ វិនិយោគិនបរទេស និងបង្កើននូវចំណូលជាតិ។

 ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថានិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គឺជាអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និង ត្រួតពិនិត្យលើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុង គោលដៅឱ្យវិស័យនេះចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរ មូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ ការវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យមូលបត្រ ក៏មានជនខិលខូចមួយចំនួនបានឆ្លៀត ឱកាសឆបោកប្រជាពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគក្នុងរូបភាព នៃការវិនិយោគលើវិស័យមូលបត្រ ជាដើម។ ជាក់ស្តែង ន.ម.ក. បានពិនិត្យឃើញថា មានសកម្មភាពនៃការផ្សព្វផ្សាយតាមរយៈប្រព័ន្ធ ផ្សព្វផ្សាយ ការដើរកៀរគរ និងការរៀបចំសិក្ខាសាលានានា ដើម្បីទាក់ទាញឱ្យសាធារណជនធ្វើ ការជួញដូរលើឧបករណ៍និស្សន្ទ ដូចជា ជួញដូរលើហាងឆេងមាស ហាងឆេងរូបិយបណ្ណ ជាដើម ឬប្រមូលមូលនិធិ វិភាគទានពីសាធារណជន ហើយគ្រប់គ្រងមូលនិធិទាំងនោះ ដើម្បីប្រើប្រាស់ ក្នុងការវិនិយោគក្នុងគម្រោងវិនិយោគណាមួយ ហើយសន្យាផ្តល់ដល់អ្នក វិនិយោគទាំងនោះវិញ នូវផលកម្រៃហិរញ្ញវត្ថុ ឬផលកម្រៃផ្សេងៗ ដែលសកម្មភាពទាំងនេះជាប្រតិបត្តិការពាក់ព័ន្ធនឹង វិស័យមូលបត្រ។

ឯកឧត្តម ស៊ូ សុជាតិ បានបន្តថាក្នុងនាមនិយ័តករមូលបត្រកម្ពុជា និងក្នុងនាមឯកឧត្ដមផ្ទាល់ នឹងសហការជាមួយបណ្ឌិត្យ- សភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីចូលរួមជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅ កម្ពុជា ដែលជាកតាលីករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងសហការផ្សព្វផ្សាយ ដល់សិស្ស-និស្សិត និងប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាជីវកម្មក្នុងវិស័យមូលបត្រ ដែលគ្មានការអនុញ្ញាត ឬអាជ្ញាបណ្ណ ក្នុងគោលដៅការពារសាធារណៈ និងសង្គមជាតិទាំងមូល៕