និមិត្តរូបនៃសន្តិភាព និងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងបារាំង ត្រូវបានចារិកទុកជាថ្មីនៅលើទឹកដីបារាំង តាមរយៈការសម្ពោធជាផ្លូវការនូវ «សួនច្បារនរោត្តម សីហនុ» ស្ថិតក្នុងក្រុង Fère-en-Tardenois ខេត្ត Aisne តំបន់ Hauts-de-France ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
ពិធីដ៏ឱឡារិកនេះត្រូវបានប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភា ដែលជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី។ ពិធីនេះមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមមាន៖ លោកជំទាវ Fanny ANOR អភិបាលខេត្ត Aisne, លោក Monsieur Jean-Paul ROSELEUX អភិបាលក្រុង Fère-en-Tardenois, លោកជំទាវលោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង។
ក្រោមការសម្របសម្រួលពីភាគីម្ចាស់ផ្ទះបារាំង ក្រុង Fère-en-Tardenois បានទទួលជំនួបចរចាប្រវត្តិសាស្រ្តជាច្រើនលើករវាង ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ
ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រីកម្ពុជា និងភាគីខ្មែរផ្សេងៗទៀត នាឆ្នាំ១៩៨៧ និង១៩៨៨។ ជំនួបទាំងនេះ គឺជាពន្លឺដែលនាំទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។
សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានមានព្រះបន្ទូលយ៉ាងរំភើបរីករាយថា៖ «ការជ្រើសរើសទីតាំងនេះ មិនមែនជារឿងចៃដន្យឡើយ។ ព្រះករុណា ព្រះវររាជបិតា ព្រះអង្គសព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះភាពស្ងប់ស្ងាត់នៃប្រាសាទហ្វ៊ែរ (Hostellerie du Château de Fère) ដែលស្ថិតនៅឃុំ Fère-en-Tardenois នេះ។ គឺនៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ និងភាពស្ងប់សុខនៃប្រាសាទនេះហើយ ដែលព្រះអង្គបានចាប់ផ្តើមការចរចានាឆ្នាំ១៩៨៧ លើមាគ៌ាដ៏វែងឆ្ងាយ ដើម្បីនាំមកនូវសន្តិភាព និងការផ្សះផ្សារជាតិជូនមាតុភូមិរបស់ព្រះអង្គ»។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា លុយ ដាវីត ក៏បានគូសបញ្ជាក់ផងដែរថា៖ «ការប្រសិទ្ធនាមសួនច្បារនេះ មិនត្រឹមគ្រាន់តែជាការឧទ្ទិសដល់ឥស្សរជនឆ្នើមមួយរូបប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចារិកទុកនូវទំព័រប្រវត្តិសាស្រ្តស្វែងរកសន្តិភាពដ៏សំខាន់មួយរបស់កម្ពុជា នៅលើទឹកដីបារាំង។ មិនតែប៉ុណ្ណោះ សួនច្បារនេះក៏ជាសក្ខីភាពនៃការរក្សាចំណងការទូត និងការផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូន ដោយកម្តល់នូវតម្លៃមិត្តភាពផងដែរ»។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ដែលតែងតែស្ថិតនៅជាមួយកម្ពុជាគ្រប់កាលៈទេសៈ ទាំងក្នុងដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
អំណឹះតទៅ «សួនច្បារនរោត្តម សីហនុ» ដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាក្រុង Fère-en-Tardenois ក្លាយជាការចងចាំដ៏រស់រវើក និងជាការក្រើនរម្លឹកជានិច្ចថា មិត្តភាពរវាងប្រជាជាតិ និងប្រជាជាតិ គឺជាមរតកដ៏ឧត្តុង្គឧត្តមបំផុតដែលយើងអាចបន្សល់ទុកឱ្យដល់មនុស្សជំនាន់ក្រោយ៕



