និពន្ធនាយកនៃសារព័ត៌មាន Macau Greater Bay Times និងជាសមាជិកគណៈកម្មការប្រតិបត្តិសមាគមពាណិជ្ជកម្មអាស៊ាន-ចិន ប្តេជ្ញាចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌ប្រទេសកម្ពុជា ទៅកាន់ប្រជាជនចិន និងបរទេសនៅទូទាំងពិភពលោក,

( ភ្នំពេញ )៖ នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគូរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក Wu Mo ស្ថាបនិក និងជានិពន្ធនាយកនៃសារព័ត៌មាន Macau Greater Bay Times និងជាសមាជិកគណៈកម្មការប្រតិបត្តិសមាគមពាណិជ្ជកម្មអាស៊ាន-ចិន បានគោរពស្នើសុំអនុញ្ញាតដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌នៅក្នុងប្រទេសកម្ពុជា បង្ហាញទៅកាន់ប្រជាជនចិន និងបរទេសនៅទូទាំងពិភពលោកបានដឹងកាន់តែច្បាស់បន្ថែមទៀត តាមរយៈថ្នាលផ្សព្វផ្សាយព័ត៌មាន (Platform) របស់ខ្លួន ដែលមានអ្នកតាមដានប្រមាណជាង ៧០លាននាក់ និងមានការផ្សព្វផ្សាយជា ៧ភាសាផ្សេងគ្នា។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការរីករាយចំពោះការចូលរួមរបស់ស្ថាប័នសារព័ត៌មាននានា ដែលបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយពីការពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ពិសេសបង្ហាញពីភាពរីកចម្រើនលើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យទៅកាន់ពិភពលោក បានដឹងបានឃើញកាន់តែច្បាស់បន្ថែមទៀត ៕