ខេត្តព្រះសីហនុ៖ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ Zhao Shang Yin Dun សញ្ជាតិចិន បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយនាំមកជាមួយភ្ញៀវទេសចរចំនួន ២៦៦នាក់ ក្នុងនោះមានស្ត្រីចំនួន ១៤២នាក់ មកពី ១៨សញ្ជាតិ រួមមានជនជាតិជប៉ុនចំនួន ១៧៤នាក់ ព្រមទាំងនាវិកចំនួន ៣៣០នាក់។
ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើការទទួលស្វាគមន៍ និងគារវកិច្ចយ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរទាំងអស់ ដែលបានអញ្ជើញមកទស្សនាខេត្តព្រះសីហនុ ព្រមទាំងបំពាក់ក្រមាជូនភ្ញៀវទុកជាវត្ថុអនុស្សាវរីយ៍ ដើម្បីបង្ហាញពីអធ្យាស្រ័យ និងវប្បធម៌បដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា។
ក្នុងអំឡុងពេលចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ភ្ញៀវទេសចរទាំងអស់បានអញ្ជើញទៅទស្សនាតាមបណ្ដាគោលដៅទេសចរណ៍សំខាន់ៗ ដូចជា បណ្ដាឆ្នេរសមុទ្រ វត្តអារាម ផ្សារ និងតំបន់រមណីយដ្ឋាននានា នៅទូទាំងខេត្តព្រះសីហនុ ដែលជាការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន។
សូមជម្រាបថា នាវាទេសចរណ៍ Zhao Shang Yin Dun បានធ្វើដំណើរមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល ១ថ្ងៃ ហើយនឹងបន្តដំណើរទៅព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ១៧:០០នាទី ថ្ងៃដដែល។
ចំពោះលក្ខណៈបច្ចេកទេស នាវាទេសចរណ៍នេះមានប្រវែងបណ្ដោយ ២២៨.៣០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ និងជម្រៅទឹក ៦.៦៥ម៉ែត្រ៕ អត្ថបទ÷និន សុផារ រូបភាព ស៊ីថាត់
ដោយ ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ



