នាវាទេសចរណ៍មួយឈ្មោះ REGATTA បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៦០០នាក់ មកលេងកម្ពុជា

ក្រុងព្រះសីហនុ ៖ នាវាទេសចរណ៍មួយឈ្មោះ REGATTA បានដឹកភ្ញៀវអន្តរជាតិជាង៦០០នាក់ មាន២៧សញ្ជាតិ ចូលមកកម្សាន្តនៅកំពង់ផែព្រះសីហនុ។

តាមការឱ្យដឹងពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថា នាវាទេសចរណ៍ឈ្មោះ REGATTA បានចូលមកដល់ទឹកដីកម្ពុជានៅព្រហស្បតិ៍ទី១២ ខែមិថុនា ឆ្នាំ២០២៥។ នាវានេះ មានបណ្តោយប្រវែង១៨០ម៉ែត្រ និងទទឹង២៥ម៉ែត្រ អាចផ្ទុកភ្ញៀវទេសចរ និងនាវិក បានជាង១០០០នាក់។ ភ្ញៀវដែលបានចូលចតកម្សាន្តនៅកំពង់ផែព្រះសីហនុ មានចំនួន៦២៦នាក់ (ស្រី ៣២៨នាក់) និងនាវិកចំនួន៣៩៨នាក់ (ស្រី ៨៤ នាក់)។ ភ្ញៀវទេសចរ និងនាវិក នឹងស្នាក់នៅកម្ពុជា១ថ្ងៃ បន្ទាប់មកនឹងចាកចេញទៅប្រទេសថៃ។

គួររម្លឹកថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែមួយដែលតែងតែទទួលបានភ្ញៀវទេសចរចូលមកទស្សនាតាមរយៈនាវាស្ទើររៀងរាល់ខែ។ ជាក់ស្តែង បើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីខែមេសា ឆ្នាំ២០២៤ កំពង់ផែទទួលបាននាវាចំនួន៤ ចូលមកសំចត ដោយផ្ទុកភ្ញៀវសរុបប្រមាណជាង២៦០០នាក់ និងនាវិកចំនួន១៧១១នាក់៕