នាវាទេសចរណ៍ខ្នាតយក្ស Norwegian Sun នាំភ្ញៀវអន្តរជាតិជិត ២,០០០ នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នាវាទេសចរណ៍ដ៏ប្រណីតមួយគ្រឿងដែលមានឈ្មោះថា NORWEGIAN SUN សញ្ជាតិបាហាម៉ាស (BAHAMAS) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តនៅកម្ពុជា ក្នុងដំណើរឆ្លងកាត់តំបន់អាស៊ី។
ក្នុងឱកាសនោះដែរ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះសម្របសម្រួល និងទទួលស្វាគមន៍ប្រតិភូយ៉ាងកក់ក្តៅ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរកម្សាន្តនៅតាមតំបន់នានាក្នុងខេត្ត។ហើយក៏បានរៀនចំ របាំជូនពរ នឹងរបាំឆៃយ៉ាំ ដើម្បីស្វាគមន៍ភ្ញៀវទេសចរផងដែរ។
ការមកដល់នៃនាវា Norwegian Sun បាននាំមកនូវភ្ញៀវទេសចរ និងបុគ្គលិកបម្រើការរាប់ពាន់នាក់ ដែលមានសញ្ជាតិសរុបដល់ទៅ ៤៦ ផ្សេងៗគ្នា ដែលមាន ភ្ញៀវទេសចរសរុប ១,៨៣១ នាក់ (ស្រី ១,០០៤ នាក់) នាវិកសរុប ៨៩១ នាក់ (ស្រី ២០១ នាក់) ក្នុងចំណោមភ្ញៀវទាំងនោះ សញ្ជាតិដែលមានចំនួនច្រើនជាងគេ រួមមាន សហរដ្ឋអាមេរិក (USA) ១,០៧៥ នាក់ នឹងកាណាដា (CANADA) ២២៣ នាក់។ នាវាទេសចរណ៍នេះ បានធ្វើដំណើរមកពីប្រទេសព្រុយណេ (BRUNEI) ហើយបន្ទាប់ពីចាកចេញពីដែនទឹកកម្ពុជា នឹងបន្តដំណើរទៅកាន់ប្រទេសថៃ (THAI)។នាវាដ៏ធំស្កឹមស្កៃនេះ បានចូលចតនៅវេលាម៉ោង ១១:២០ នាទីព្រឹក ហើយគ្រោងនឹងចាកចេញទៅវិញនៅវេលាម៉ោង ១៩:០០ នាទីយប់ នាថ្ងៃដដែល។
ក្នុងដំណើរការចូលចតនេះ ក៏មានភ្ញៀវទេសចរចំនួន ០២ នាក់ ដែលបានធ្វើដំណើរមកពីខេត្តសៀមរាប ដើម្បីមកឡើងនាវានៅកំពង់ផែក្រុងព្រះសីហនុនេះផងដែរ ដែលនេះបង្ហាញពីភាពងាយស្រួល និងការតភ្ជាប់គ្នានៃវិស័យទេសចរណ៍រវាងតំបន់ប្រវត្តិសាស្ត្រ និងតំបន់ឆ្នេររបស់កម្ពុជា។
ការចូលចតនៃនាវាទេសចរណ៍ខ្នាតធំជាបន្តបន្ទាប់ បានបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំងក្លានៃវិស័យទេសចរណ៍ផ្លូវទឹក និងការជឿជាក់របស់អ្នកទេសចរអន្តរជាតិមកលើសុវត្ថិភាព និងភាពទាក់ទាញនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាលើកទី២ ហើយដែលនាវា Norwegian Sun បានចូលចតនៅកម្ពុជាក្នុងដើមឆ្នាំ២០២៦ នេះ បន្ទាប់ពីការចូលចតលើកទី១ កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅ។ ការវិលត្រឡប់មកវិញក្នុងរយៈពេលដ៏ខ្លីនេះ បានបង្ហាញឱ្យឃើញពីទំនុកចិត្ត និងការទាក់ទាញនៃគោលដៅទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជាក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ។ នាវានេះមានប្រវែងបណ្តោយ ២៥៨.៦០ ម៉ែត្រ ប្រវែងទទឹង ៣២.០០ ម៉ែត្រ ជម្រៅទឹក ៨.២០ ម៉ែត្រ។

ដោយ៖មន្ទីរព័ត៍មានខេត្តព្រះសីហនុ


