«នាវាទេសចរណ៍ខ្នាតយក្ស NORWEGIAN SUN នាំភ្ញៀវអន្តរជាតិជិត ២,០០០នាក់ ចូលចតដំបូងនៅកំពង់ផែក្រុងព្រះសីហនុ ក្នុងដើមឆ្នាំ២០២៦»
ខេត្តព្រះសីហនុ:នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នេះ នាវាទេសចរណ៍ខ្នាតធំសញ្ជាតិ BAHAMAS ឈ្មោះ NORWEGIAN SUN បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) ដោយសុវត្ថិភាព ដើម្បីនាំភ្ញៀវទេសចរបរទេសមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា។ នាវាទេសចរណ៍ដ៏ធំនេះ មានបណ្តោយ ២៥៨,៦០ ម៉ែត្រ ទទឹង៣២,០០ ម៉ែត្រ និងជម្រៅទឹក៖ ៨,២០ ម៉ែត្រ។
ការមកដល់របស់នាវានេះ បាននាំមកនូវភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ ដែលមានភ្ញៀវទេសចរសរុប ១,៨៦៨ នាក់ (ស្រី ១,០០៥ នាក់) មាន ៤២ សញ្ជាតិ។ សញ្ជាតិដែលមានចំនួនច្រើនជាងគេគឺ សហរដ្ឋអាមេរិក (៦២៩ នាក់) និងអង់គ្លេស (៤០៤ នាក់) និងមាននាវិកសរុប៖ ៩០២ នាក់ (ស្រី ២០៦ នាក់) មាន ៤៨ សញ្ជាតិ។
នាវា NORWEGIAN SUN បានធ្វើដំណើរមកពីប្រទេសវៀតណាម ក្នុងគោលបំណងទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។ បន្ទាប់ពីបញ្ចប់កម្មវិធីទស្សនកិច្ច នាវានឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ១៧:០០ នាទី ល្ងាចថ្ងៃដដែលនេះ ដើម្បីឆ្ពោះទៅកាន់ប្រទេសថៃ។
ជាការកត់សម្គាល់ ការចូលចតនៃនាវាទេសចរណ៍ខ្នាតធំជាបន្តបន្ទាប់នេះ បង្ហាញពីសញ្ញាវិជ្ជមាននៃកំណើនវិស័យទេសចរណ៍ផ្លូវទឹករបស់កម្ពុជា និងការជឿជាក់លើសុវត្ថិភាព និងសេវាកម្មរបស់កំពង់ផែសមុទ្រកម្ពុជា។
អត្ថបទ: ម៉ារ៉ាឌី



