នាវាដឹកទំនិញជើងដំបូងមកពីចិន មកកម្ពុជា គឺជាជើងនាវាឆ្ពោះត្រង់ ជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនបែបប្រពៃណី

ភ្នំពេញ ៖ កាលពីដើមសប្តាហ៍នេះ កំពង់ផែក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាដឹកទំនិញដំបូង ដែលចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន សកម្មភាពគឺបានឆ្លុះបញ្ចាំងពីការបើកដំណើរការដោយជោគជ័យនៃជើងនាវាកុងតឺន័រ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពិន មានប្រសាសន៍ថា៖ «កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស ម៉េង (Ming)។ ការបើកជើងនាវាឆ្ពោះទៅត្រង់ បានកាត់បន្ថយពេលវេលាដឹកជញ្ជូនបែបប្រពៃណីចន្លោះ ១៥ ទៅ ២០ ថ្ងៃទៅត្រឹមតែ ៩ ថ្ងៃ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម គឺជាអាទិភាពចម្បងរបស់កម្ពុជា ហេតុនេះ គន្លឹះគឺស្ថិតនៅលើការពង្រឹងសមត្ថភាពរបស់កម្ពុជា។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ចិនមានទំហំទឹកប្រាក់ ៧,៦៣ ពាន់លានដុល្លារ កើនឡើង ២៧,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅចិនចំនួន ៦៣៤ លានដុល្លារ ធ្លាក់ចុះ ៣,៦% ចំណែកឯចិននាំចូលមកវិញជាង ៧ ពាន់លានដុល្លារ កើន ៣១,៤%។

ទំនិញកម្ពុជានាំទៅប្រទេសចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ ចំណែកទំនិញដែលប្រទេសចិននាំមកកម្ពុជា មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក៕