នាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ី “Sovershenny” និង នាវា “Rezky” បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ប្រកបដោយសុវត្ថិភាព
នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កងនាវាប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹករុស្ស៊ី ដែលមាននាវាចម្បាំងចំនួនពីរគ្រឿងគឺ នាវា “Sovershenny” លេខ៣៣៣ និង នាវា “Rezky” លេខ៣៤៣ បានចូលចតក្រៅផ្លូវការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ប្រកបដោយសុវត្ថិភាព។
នាវាទាំងពីរគ្រឿងនេះ មានប្រវែងបណ្តោយ ១០៤ម ទទឹងប្រមាណ១១ម ទម្ងន់ប្រមាណ២,២០០តោន នឹងចូលចតនៅកំពង់ផែរបស់កម្ពុជា រយៈពេលចំនួនបីថ្ងៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
កងនាវានៃកងទ័ពជើងទឹករុស្ស៊ីទាំងពីរគ្រឿងនេះ ដឹកនាំដោយលោកវរនាវីឯក GAEVOY Andrei ជានាយបញ្ជាការបេសកកម្មនាវាកងទ័ពជើងទឹករុស្ស៊ី និងមាននាវិកនៃនាវាចម្បាំង របស់រុស្ស៊ីទាំងពីរគ្រឿងនេះសរុបប្រមាណជាង២០០នាក់ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តមឧត្តមនារីត្រី អ៉ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងកងទ័ពជើងទឹកកម្ពុជាជាច្រើនរូប។
ការចូលចតរបស់កងនាវារុស្ស៊ីនៅកម្ពុជានាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៦ ហើយបានបន្តវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ក្នុងវិស័យផ្សេងៗដូចជា ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវប្បធម៌ជាដើម។ ការផ្លាស់ប្តូរទស្សនកិច្ចនាវាចម្បាំងជាទៀងទាត់រវាងប្រទេសទាំងពីរបានឆ្លុះបញ្ចាំងពីការជឿទុកចិត្តគ្នាទៅវិញទៅមក និងឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិបន្ថែមទៀត ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។
ក្នុងអំឡុងពេលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ប្រតិភូនៃកងនាវារុស្សី នឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ព្រមទាំងមានកម្មវិធីលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ ដើម្បីបង្កើនមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរឲ្យកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត។ បន្ទាប់មក ប្រតិភូនៃកងនាវារុស្សី នឹងទស្សនកិច្ចនៅតំបន់ទេសចរណ៍មួយចំនួនក្នុងក្រុងព្រះសីហនុផងដែរ។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់ពេលនេះ កម្ពុជាបានស្វាគមន៍នាវាចម្បាំងកងទ័ពជើងទឹករបស់រុស្ស៊ី ដែលបានចូលចតនៅកំពង់ផែរបស់កម្ពុជា ចំនួន ៨លើក ស្មើនឹង១៨គ្រឿង។ នាវាចម្បាំងរុស្ស៊ីធ្លាប់បានមកទស្សនកិច្ចកម្ពុជាលើកចុងក្រោយកាលពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ កងនាវាចម្បាំងរុស្ស៊ីនោះ មានដូចជា នាវាចម្បាំង “វីរបុរសនៃសហព័ន្ធរុស្ស៊ី Aldar Tsydenzhapov” និង “Rezky” ក៏ដូចជានាវាដឹកប្រេងសមុទ្រមធ្យម “Pechenga” ក៏បានមកទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ៕






