នាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ីជំរុញកុមារ កម្ពុជាឱ្យខិតខំរៀនសូត្រដើម្បីឱកាសការងារនិងការសិក្សានៅរុស្សី …
លោកស្រី អីរីណា ត្សាទ្សូលីណា (Irina Tsatsulina) នាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ីនិងជាលេខាទី២ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា បានដឹកនាំក្រុមការងារនាំយកសម្ភារសិក្សា អាហារ នំចំណី កាតាប និងស្បៀងអាហារមួយចំនួនទៀត ជាអំណោយបានពីការចូលរួមរបស់សប្បុរសជននៃប្រទេសរុស្សី យកទៅចែកជូនដល់កុមរា កុមារី ជាង៣០០នាក់មកពីគ្រួសារខ្វះខាតនិងកំពុងសិក្សាភាសាអង់គ្លេសក្រៅម៉ោងនៅក្នុងមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់សហគមន៍ទឹកវិល ក្នុងសង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០១ ខែមេសាឆ្នាំ២០២៦។ សកម្មភាពសប្បុរសធម៌នេះបានក្លាយជាប្រពៃណីមួយ ដែលមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីបានធ្វើ តាមខេត្តនានាដូចជា ខេត្តមណ្ឌលគីរី កំពង់ចាម ពោធិ៍សាត់ ក្រចេះ កោះកុង តាកែវ កំពង់ស្ពឺ ក្រុងភ្នំពេញ ឧត្ដរមានជ័យ ស្ទឹងត្រែង បាត់ដំបង ហើយសម្រាប់ខេត្តសៀមរាបនេះដែរ គឺជាលើកទី៣ហើយ។
លោកស្រី អីរីណា ត្សាទ្សូលីណា (Irina Tsatsulina) បានផ្តាំផ្ញើរលើកទឹកចិត្តដល់ក្មួយៗជាកុមារាកុមារីទាំងអស់ថា ត្រូវខិតខំរៀនសូត្រ ព្រោះកុមារា កុមារីទាំងអស់នេះ គឺជាសសរទ្រូងដ៏សំខាន់របស់ប្រទេសកម្ពុជា និងជាទំពាំង សម្រាប់ស្នងតំណែងក្លាយជាឬស្សីនាពេលអនាគត ហើយដើម្បីក្លាយជាទំពាំងល្អ រឹងមាំនិងមានសមត្ថភាព ក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ ខំខ្លួនឯងផងនិងជួយដាស់តឿនជំរុញមិត្តភ័ក្រឱ្យខំរៀនផង ។លោកស្រី អីរីណា ត្សាទ្សូលីណា Irina Tsatsulina បានបង្ហាញក្តីសង្ឃឹមថា៖ កុមារា កុមារី នៅក្នុងមជ្ឈមណ្ឌលដែលមកទទួលអំណោយនាថ្ងៃនេះ នៅពេលប្រឡងជាប់ថ្នាក់ទី១២ នឹងមានឱកាសបានអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ី ព្រោះគិតតាំងពីឆ្នាំ១៩៨០មក ជារៀងរាល់ឆ្នាំរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តែងតែផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្នុងរាជធានីភ្នំពេញនិងមកពីតាមបណ្ដាខេត្តផ្សេងៗផងដែរ អាចក្លាយទៅជាវេជ្ជបណ្ឌិត ជាវិស្វករ ឬជាអ្នកបើកយន្តហោះ ជាដើម មជ្ឈមណ្ឌលរុស្ស៊ី ស្វាគមន៍ពីគ្រប់គ្នាទាំងអស់ ដើម្បីចូលមកកាន់មជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីនេះ ចាប់ពីក្មេងតូចៗរហូតដល់មនុស្សធំ។សម្រាប់ឆ្នាំសិក្សាថ្មី២០២៦-២០២៧ រដ្ឋាភិបាលរុស្ស៊ីផ្តល់អាហារូបករណ៍ចំនួន៤០- ៦០កន្លែងដល់និស្សិត មន្ដ្រីរាជការ និងសាធារណៈជន ខ្មែរ ដែលមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត មានជំនាញសម្រាប់ជ្រើសរើសជាង៥០០ ដូចជាវេជ្ជសាស្ត្រ វិស្វកម្មយន្តហោះ ថាមពលនុយក្លេអ៊ែរ សំណង់ ស្ថាបត្យកម្ម សេដ្ឋកិច្ច IT វិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ។ល។
បើតាម លោក តុង វាសនា ស្ថាបនិកនិងជាអ្នកគ្រប់គ្រងទូទៅនៃមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់សហគមន៍ទឹកវិលខេត្តសៀមរាបថា៖មណ្ឌលនេះបានបង្កើតឡើងនៅឆ្នាំ២០០៩ ជាសាលាបង្រៀនគួរដោយឥតគិតថ្លៃថ្នាក់បឋមសិក្សា សម្រាប់ភាសាបរទេស ដល់កុមារពិការផ្លូវចិត្ត កុមារកំព្រា និងកុមាររស់នៅក្នុងគ្រួសារខ្វះខាត។ មកទល់ពេលនេះមានសិស្សសិក្សានៅក្នុងសាលាចំនួន៣៥៧នាក់ ស្មើនឹង ១៥ថ្នាក់ ដោយក្នុងមួយថ្នាក់ៗមាន២៦នាក់។ ពួកគេត្រូវបានបង្រៀនមុខវិជ្ជាមូលដ្ឋាន៖ គណិតវិទ្យា អង់គ្លេស ភាសាខ្មែរ ដោយគ្រូស្ម័គ្រចិត្តចមណួន៣នាក់ និងមានគ្រូស្ម័គ្រចិត្តជាជនបរទេស ដែលខ្លះមកពីអង្គការនានា ជាអ្នកជំនួញ ជាអ្នកទេចរណ៍ស្រាវជ្រាវជាដើម៕



