នាយឧត្តមសេនីយ៍ មាស វិរិទ្ធ : ចិនបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាលើកិច្ចសហការរួមទាំងការតាមចាប់ឧក្រិដ្ឋជនគ្រឿងញៀនចិននៅកម្ពុជា។

ប្រទេសចិន : ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជម្រាបជូនបែបនេះ ខណៈ:លោកដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន លើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ជាមួយភាគីចិនដឹកនាំដោយ ឯកឧត្តម វេ  ស៊ាវយុន (Wei XiaoJun) អគ្គលេខាធិការប្រតិបត្តិ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគ្រឿងញៀន ក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅទីក្រុង ឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ផ្តោតទៅលើកិច្ចពិភាក្សាការងារសំខាន់ចំនួន៤ រូមមាន ៖
១-ស្ថានភាព និងនិន្នាការគ្រឿងញៀនក្នុងប្រទេសចិន-កម្ពុជា និងក្នុងតំបន់
២-ការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការស្តីពីករណីគ្រឿងញៀន និងការតាមចាប់ជនជាតិចិនដែលរត់គេចខ្លួន
៣-ប្រតិបត្តិការសុវត្ថិភាពមេគង្គ
៤-ការត្រួតពិនិត្យសារធាតុគីមីផ្សំ។

ពីកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានជម្រាបជូនថា ឯកឧត្តម វេ  ស៊ាវយុន (Wei XiaoJun) អគ្គលេខាធិការប្រតិបត្តិ បានថ្លែងដោយវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកម្ពុជា ដែលផ្តល់នូវកិច្ចសហការក្នុងមួយឆ្នាំ២០២៤កន្លងមក លើការងារចែករំលែក និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ពិសេសការតាមចាប់ឧក្រិដ្ឋជនគ្រឿងញៀនចិននៅកម្ពុជា។

ពីកិច្ចប្រជុំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះថ្នាក់ដឹកនាំនៃប្រទេសចិន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន (NNCC) ទាំងអស់ និងបានលើកនូវសំណូមពរដល់ការលើកកម្ពស់និងពង្រឹងសមត្ថភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ដើម្បីផលប្រយោជន៍រួម នៃប្រទេសយើងទាំងពីរក៏ដូចតំបន់ទាំងមូល។