នាយឧត្តមសេនីយ៍ មាស វិរិទ្ធ :គ្រប់មូលដ្ឋានទាំងអស់ត្រូវធានាថាគ្មានការញាំញីដោយសារគ្រឿងញៀននិងជំរុញការប្រើប្រាស់App NoDrug

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ :គ្រប់មូលដ្ឋានទាំងអស់ត្រូវធានាថាគ្មានការញាំញីដោយសារគ្រឿងញៀននិងជំរុញការប្រើប្រាស់App NoDrug ។

រាជធានីភ្នំពេញ: ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទូរសព្ទដៃ NoDrug រវាងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug ជាមួយលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ស្នងការរងនគរបាល -មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី ខេត្ត អធិការរងនគរបាល-មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ដែលទទួលការងារគ្រឿងញៀន សរុបជិត៥០០នាក់ ប្រជុំផ្ទាល់និងZoom នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ 

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តដោយសង្កត់ធ្ងន់ថាគ្រប់មូលដ្ឋានទាំងអស់ត្រូវធានាថាគ្មានការរាលដាលញាំញីដោយសារគ្រឿងញៀនស្របពេលដែលយើងមានលទ្ធភាពដោះស្រាយនិងអរគុណដល់គ្រប់សមាសភាពដែលបានចាត់ទុកថា App NoDrug ជាមធ្យោបាយសំខាន់ ទាន់សម័យ រហ័ស ចំណាយតិច ចំណេញច្រើន និងមានប្រសិទ្ធភាពខ្ពស់។ 

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្តទៀតថា App NoDrug ជាដំណភ្ជាប់រវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋក្នុងការដោះស្រាយរាល់ករណីគ្រឿងញៀនហើយចំនួនរាយការណ៍កើនឡើងបានធ្វើឱ្យបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតនៅមូលដ្ឋានមានការថយចុះគួរកត់សំគាល់ ក្នុងនោះគឺមានអ្នករាយការណ៍ករណីគ្រឿងញៀនសរុបចំនួន២៤៥៧ ដោះស្រាយសម្រេចបានជាង៨៧%ក្នុងចំណោមអ្នកប្រើApp ចំនួន ៥៣០០០នាក់។ 

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានស្នើសុំដល់គ្រប់សមាសភាពឱ្យបន្តជំរុញការទាញយកនិងប្រើប្រាស់App NoDrug បង្កើនការផលិតមាតិកា បង្កើនល្បឿនឆ្លើយតបករណីរាយការណ៍បង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។