នាយករដ្ឋមន្រ្តីនេប៉ាល់ប្រកាសលាលែងតំណែង! ដោយសារសកម្មភាពតវ៉ាដ៏ខ្លាំងរបស់ក្រុមយុវជន Gen Z (កើតចន្លោះឆ្នាំ១៩៩៥-២០១០)បណ្តាលឱ្យមនុស្សស្លាប់ជិត២០នាក់ និងរាប់រយនាក់របួស

រដ្ឋាភិបាលនេប៉ាល់ បានឆ្លើយតបនឹងការកើនឡើងនៃសកម្មភាពតវ៉ាដោយហិង្សា ជុំវិញការហាមប្រាមលើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយដោយកម្លាំងមនុស្សស្លាប់។ ភាពខឹងសម្បារជាសាធារណៈជុំវិញការហាមឃាត់ និងមានមនុស្សស្លាប់ជាបាតុកររហូតដល់១៩នាក់នេះ បានកើតឡើងចាប់ពីល្ងាចថ្ងៃចន្ទមក ដោយពួកគេបានប្រតិកម្មនឹងសកម្មភាពនានារបស់មន្រ្តីរដ្ឋាភិបាល និង ភាពពុករលួយនានា ដែលជាហេតុនាំឲ្យនាយករដ្ឋមន្រ្តីនេប៉ាល់លោក K.P Sharma Oli ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីរបស់លោកកាលពីល្ងាចថ្ងៃអង្គារនេះ។ នាយករដ្ឋមន្ត្រី K.P. Sharma Oli ក៏បានគាំទ្រការហាមឃាត់រយៈពេលខ្លីផងដែរ បន្ទាប់ពីក្រុមបាតុករបានបង្វែរកំហឹងរបស់ពួកគេមកលើអ្នកនយោបាយ ដោយដុតផ្ទះរបស់មេដឹកនាំកំពូលមួយចំនួនក្នុងប្រទេស។ ការតវ៉ាដែលដឹកនាំដោយយុវជនជាក្មេងជំទង់ភាគច្រើន ឬ Gen Z ដែលកើតចន្លោះឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០១០ បណ្តាលឲ្យការតវ៉ារីកសាយភាយកាន់តែខ្លាំងឡើងៗក្នុងប្រទេសនេប៉ាល់ ចំពោះបញ្ហាជាច្រើនទាក់ទងនឹងអំពើពុករលួយផង និងខកចិត្តចំពោះបក្សពួកនិយមក្នុងនយោបាយរបស់ប្រទេសនេះផង។ លោក Prateek Pradhan ជានិពន្ធនាយកនៃគេហទំព័រព័ត៌មាន Baahrakhari ដែលជាគេហទំព័រព័ត៌មានឯករាជ្យរបស់ប្រទេសនេប៉ាល់បាននិយាយថា “ការតវ៉ាជុំវិញការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រាន់តែជាកាតាលីករប៉ុណ្ណោះ។ តែអ្វីដែលនាំឲ្យពួកគេមានគំហឹងកាន់តែខ្លាំងនោះគឺការខកចិត្តចំពោះរបៀបដែលប្រទេសនេះកំពុងដំណើរការការផ្តល់សេវាសាធារណៈនានាបានស្រុតចុះទៅៗ ។ ពួកគេភាគច្រើនបានឆ្លើយតបទៅនឹងបម្រាមដែលបានចូលជាធរមានកាលពីសប្តាហ៍មុន និងបំណងដ៏ធំជាងគេរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈសំណុំរឿងដែលតម្រូវឱ្យអ្នកប្រើប្រាស់វេទិកាទាំងអស់ត្រូវចុះឈ្មោះ និងដាក់ជូនរដ្ឋាភិបាលត្រួតពិនិត្យ និងបទប្បញ្ញត្តិក្នុងតំបន់ជាដើម។ សេចក្តីព្រាងច្បាប់នេះមិនទាន់ត្រូវបានពិភាក្សាពេញលេញនៅឡើយទេនៅក្នុងសភា ប៉ុន្តែត្រូវបានគេរិះគន់យ៉ាងខ្លាំងថាជាឧបករណ៍សម្រាប់ត្រួតពិនិត្យ និងដាក់ទណ្ឌកម្មដល់គូប្រជែងដែលបានបញ្ចេញសំឡេងតវ៉ារបស់ពួកគេតាមប្រព័ន្ធអ៊ីនធឺណិតប៉ុណ្ណោះ។ ក្រុមសិទ្ធិមនុស្សបានហៅវាថាជាការប៉ុនប៉ងរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់សេរីភាពនៃការបញ្ចេញមតិ និងរំលោភលើសិទ្ធិជាមូលដ្ឋាន។
ជាមួយគ្នានេះដែរ ការតវ៉ាក៏ជាចំណុចទាក់ទាញមនោសញ្ចេតនារបស់យុវជន Gen Z ដើម្បីប្រឆាំងនឹងអ្នកនយោបាយ ក្រុមគ្រួសាររបស់ពួកគេ និងក្តីព្រួយបារម្ភពីអំពើពុករលួយរបស់ពួកគេដែរ។ នៅប៉ុន្មានសប្តាហ៍មុនការហាមប្រាម យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសនៅលើវេទិកាចែករំលែកវីដេអូ TikTok បានគូសបញ្ជាក់អំពីរបៀបរស់នៅដ៏ហ៊ឺហារបស់កូនអ្នកនយោបាយ ដោយបង្ហាញពីភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រក្នុងប្រទេសនេប៉ាល់។ ក្រុមអ្នកតវ៉ាបានរិះគន់ពួកគេពីការអួតអាងលើទ្រព្យសម្បត្តិប្រណីតៗរបស់ពួកគេនៅក្នុងប្រទេសដែលមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់គឺត្រឹមតែ១៤០០ដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ។ ការរិះគន់ទ្រង់ទ្រាយធំជុំវិញការខកខានរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតករណីពុករលួយធំៗមួយចំនួន និងបង្កើតឱកាសសេដ្ឋកិច្ចកាន់តែច្រើនសម្រាប់យុវជនក៏បានបន្ថែមកំហឹងផងដែរ។ យោងតាមធនាគារពិភពលោកបានឱ្យដឹងថា អត្រាគ្មានការងារធ្វើរបស់យុវជននៅក្នុងប្រទេសនេប៉ាល់គឺ ២០% ឯណោះកាលពីឆ្នាំមុន៕
សម្រួលអត្ថបទ៖ សុផារិន្ទ