នាយករដ្ឋមន្ត្រី Qatar និយាយថា៖ សង្គ្រាមរវាងអាម៉េរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់នៅមជ្ឈិមបូព៌ាកាន់តែកើនកម្តៅ និងបានក្លាយទៅជាការសាកល្បងថាតើសង្រ្គាមនេះអ្នកណានឹងស៊ូទ្រាំបានយូរជាងគេ
នាយករដ្ឋមន្ត្រីកាតាបាននិយាយថា តំបន់នេះកំពុងឆ្លងកាត់នូវ «ស្ថានភាពដ៏ធ្ងន់ធ្ងរ» ដោយសារតែការកើនឡើងនៃកម្លាំងយោធានៅតំបន់មជ្ឈិមបូព៌ា។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាតានៅទីក្រុងដូហាកាលពីម្សិលមិញ លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានមានប្រសាសន៍ថា «ការវាយប្រហារម្តងហើយម្តងទៀត» ពីសំណាក់រដ្ឋអ៊ីរ៉ង់ «មិនត្រឹមតែកំណត់ចំពោះគោលដៅយោធាតែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានវាយប្រហារទីតាំងជនស៊ីវិលផងដែរ ដោយបង្ហាញពីការយកចិត្តទុកដាក់តិចតួចបំផុតចំពោះគ្រោះថ្នាក់ដែលបានបង្កឡើងលើប្រទេសកាតា និងធនធាននៃប្រជាជនរបស់ខ្លួន»។ សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយសាធារណរដ្ឋអ៊ីរ៉ង់បានក្លាយទៅជាការសាកល្បងសង្រ្គាម ថាតើអ្នកណានឹងស៊ូទ្រាំបានរយៈពេលយូរជាងគេ។ ចំណុចសម្ពាធដ៏ធំបំផុតហាក់ដូចជាធ្លាក់ទៅលើសេដ្ឋកិច្ចពិភពលោកទៅវិញ ខណៈដែលតម្លៃប្រេងសាំងកើនឡើងខ្ពស់សឹងតែបំបែកកំណត់ត្រាទៅហើយ។ ភាពវិវឌ្ឍសំខាន់ៗក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធនោះ រួមមានការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្មដែលឆ្លងកាត់នៅជុំវិញច្រកសមុទ្រ Hormuz និងអាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាការបង្កើនយុទ្ធនាការច្របាច់បញ្ជូលតំបន់ឈូងសមុទ្រ យ៉ាងណែន និង តឹងតែងបំផុត សម្រាប់តំបន់ដែលសម្បូរដោយធនធានប្រេងមួយនេះ ស្របពេលដែលក្តីព្រួយបារម្ភអំពីថាមពលសកលនឹងកើនឡើងដែរ។ យុទ្ធនាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់មកដល់ពេលនេះគឺចូលដល់ថ្ងៃទី១២របស់ខ្លួនហើយ ប៉ុន្តែនៅតែមិនទាន់រកទីបញ្ចប់ឃើញ មិនទាន់រកអ្នកឈ្នះសង្រ្គាមឃើញផងដែរ ហេតុអ្វី?។ សូមរំលឹកថាមេបញ្ជាការអាមេរិកម្នាក់និយាយថា បញ្ញាសិប្បនិម្មិត ឬ AI បានជួយដល់យោធាវាយប្រហារគោលដៅជាង ៥.៥០០ នៅក្នុងប្រទេសអ៊ីរ៉ង់។ ចំណែកការវាយតម្លៃពីក្រុមចារកម្មអ៊ីស្រាអែលក៏បង្ហាញផងដែរថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Ayatollah Mojtaba Khamenei បានរងរបួសផងដែរនៅថ្ងៃចាប់ផ្តើមនៃសង្គ្រាម ប៉ុន្តែមិនមានការបញ្ជាក់លំអិតនោះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



