នាយករដ្ឋមន្ត្រីថ្មីស៊ូដង់ប្រកាសព្រមានក្រុមដែលគាំទ្រកងកម្លាំងប្រដាប់អាវុធ RSF ត្រូវបញ្ឈប់អំពើឧក្រិដ្ឋកម្មជាបន្ទាន់ដើម្បីរួបរួមគ្នាបម្រើជាតិជាថ្មី

នាយករដ្ឋមន្ត្រីស៊ូដង់ដែលទើបតែតែងតាំងថ្មី លោក Kamil Idris បានអំពាវនាវដល់បណ្តាអ្នកគាំទ្រទាហាន Rapid Support Forces ហៅកាត់ថា (RSF) ឲ្យបញ្ឈប់សកម្មភាពប្រព្រឹត្តអំពើឧក្រិដ្ឋកម្មជាបន្ទាន់។ លោក Kamil Idris បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាពីទីក្រុង Port Sudan ដោយសង្កត់ធ្ងន់ថា៖ សន្តិសុខជាតិ និងអំណាចរដ្ឋស៊ូដង់ត្រូវតែថែរក្សាបានទាំងស្រុងដោយលុបបំបាត់ការបះបោរ និងកងកម្លាំងយោធាឯកជនទាំងអស់ក៏ដូចជាអំពាវនាវដល់បណ្តាប្រទេសដែលគាំទ្រកងទាហានទាំងនេះឲ្យបញ្ឈប់សកម្មភាពឧក្រិដ្ឋកម្មរួមនឹងបណ្តាប្រទេសដែលមានផែនការចង់ផ្តល់ថវិកានិងគាំទ្រក្នុងការប្រតិបត្តិការបះបោររបស់ក្រុមទាំងនោះ ។ ជាងនេះទៅទៀតនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត លោក Idris លើកឡើងពីក្តីសង្ឃឹមរបស់លោកថា លោកអាចបម្រើជាតិ និងប្រជាជនស៊ូដង់ដោយមានការប្ដេជ្ញាចិត្តនិងស្មោះត្រង់ខ្ពស់បំផុត”។ គួររំលឹកផងដែរថាស៊ូដង់បានជួបវិបត្តិសង្រ្គាមស៊ីវិលចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធ RSF តាំងចិត្តដណ្តើមអំណាចពីកងយោធានៃប្រទេសស៊ូដង់ហើយបានក្លាយជាសង្គ្រាមបើកចំហនៅរាជធានី Khartoum និងតំបន់ផ្សេងៗទៀតក្នុងប្រទេស។ យោងតាមរបាយការណ៍គឺមានមនុស្សប្រមាណជា ២៤,០០០ នាក់បានស្លាប់ ប៉ុន្តែតួលេខពិតប្រាកដប្រហែលជាខ្ពស់ជាងនេះទៅទៀត។ លើសពីនេះដែរមានប្រជាជនលើស១៤លាននាក់ ត្រូវបានគេបង្ខំឲ្យចាកចេញពីផ្ទះកំណើតរបស់ពួកគេរួមទាំងជាង៤លាននាក់ត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ គួរបញ្ជាក់ផងដែរថាសង្គ្រាមនេះបានផ្ទុកនូវបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាច្រើនរួមមានការរើសអើងជាតិសាសន៏ ព្រមទាំងការរំលោភបំពានផ្លូវភេទហើយត្រូវបានអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិចាត់ទុកថាវាជាបទឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើប្រឆាំងមនុស្សជាតិជាពិសេសនៅតំបន់ Darfur ភាគខាងលិចនៃប្រទេសស៊ូដង់តែម្តង៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា