នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ត្រូវបានប្រារព្ធឡើងនៅមុខស្តូបអនុស្សាវរីយ៍ ស្ថិតក្នុងឧទ្យាននៃសង្កាត់ទី១៣ ទីក្រុងប៉ារីស ប្រទេសបារាំង

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសមាគមក្រុមប្រឹក្សាជាន់ខ្ពស់នៃជនជាតិអាស៊ីនៅប្រទេសបារាំង(Haut Conseil des Asiatiques de France) ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់កម្ពុជា-បារាំង ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង យ៉ាងច្រើនកុះករ។

វត្តមានឥស្សរជនកិត្តិយសក្នុងពិធីនេះរួមមាន ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង, លោក Emmanuel Grégoire អភិបាលក្រុងប៉ារីស, លោក Jérôme Coumet អចៅសង្កាត់ទី១៣ និងលោក Thomas Lam តំណាងរាស្រ្ត និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ព្រមទាំងតំណាងអាជ្ញាធរមូលដ្ឋានបារាំងជាច្រើនរូបទៀត។

គួររំលេចថា ស្តូបឧទ្ទិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមនេះ គឺជាស្តូបដំបូងគេបង្អស់ដែលត្រូវបានសាងសង់ឡើងនៅលើទឹកដីបារាំង ក៏ដូចជានៅទ្វីបអឺរ៉ុបទាំងមូល ដើម្បីជាទីតាំងតំណាងឱ្យការជួសជុលផ្លូវចិត្ត សម្រាប់ពលរដ្ឋខ្មែរដែលនៅរស់រានមានជីវិត និងក្រុមគ្រួសារជនរងគ្រោះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត លុយ ដាវីត បានរម្លឹកពីសោកនាដកម្មដ៏ជូរចត់ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋខ្មែរជិត ២លាននាក់ ពោលគឺស្ទើរតែស្មើនឹង ១/៣ នៃចំនួនប្រជាជនសរុប តាមរយៈការធ្វើទារុណកម្ម ការកាប់សម្លាប់ ការបង្អត់អាហារ ជំងឺតម្កាត់ និងការបង្ខំឱ្យធ្វើការជាទម្ងន់។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការអនុញ្ញាតរបស់សាលាក្រុងប៉ារីសឱ្យសាងសង់ស្តូបនេះនៅទីតាំងសាធារណៈ បារាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាការចងចាំ និងផ្ទេរចំណេះដឹងប្រវត្តិសាស្រ្តកម្ពុជា ទៅកាន់យុវជនជំនាន់ក្រោយ និងសាធារណជនទូទៅ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំង ដែលតែងតែបង្ហាញស្មារតីភាតរភាពដ៏កក់ក្តៅចំពោះកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក ដោយបានផ្តល់ជម្រកដល់ជនភៀសខ្លួនកម្ពុជារាប់ពាន់នាក់។ បន្ថែមពីនេះ បារាំងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការគាំទ្រទាំងផ្នែកការទូត និងហិរញ្ញវត្ថុដល់ដំណើរការក្តីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ

កម្ពុជា ចាប់តាំងពីឆ្នាំ២០០៦ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្ទេរការចងចាំ និងប្រវត្តិសាស្រ្ត គឺជាពន្លឺដែលជួយឱ្យមនុស្សជាតិរួបរួមគ្នាបន្តកសាងសន្តិភាពដ៏មានតម្លៃសម្រាប់ពិភពលោក។

គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២៦នេះ ទំនាក់ទំនងកម្ពុជា-បារាំង បានឈានដល់កម្រិតកំពូលថ្មីមួយទៀត ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅខែវិច្ឆិកាខាងមុខ។ លើសពីនេះទៅទៀត លោកប្រធានាធិបតីបារាំង Emmanuel Macron ក៏គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជានៅខែវិច្ឆិកាខាងមុខនេះផងដែរ ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ៕