ធ្នឹមសំណង់ទម្ងន់ ១៨០០តោន នៃគម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងក្រុងព្រះសីហនុត្រូវបានដំឡើងដើម្បីតភ្ជាប់សំណង់អគារសណ្ឋាគារនានា ដែលកំពុងដំណើរការសាង សង់លើផ្ទៃដីសរុបប្រមាណ ១៦ ហិកតា !
ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីដ៏សំខាន់មួយ គឺការដំឡើងធ្នឹមតភ្ជាប់សំណង់អគារដ៏ធំសម្បើម របស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសម៉ិន ឯ.ក (Peninsula Bay Investment Co., Ltd.) ដែលជាគម្រោងអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅជិតទីលានតេជោ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ការដំឡើងធ្នឹមជាប្រវត្តិសាស្ត្រ ធ្នឹមដែលត្រូវបានដំឡើងតភ្ជាប់សំណង់អគារសណ្ឋាគារនាពេលនេះ មានទម្ងន់សរុបប្រមាណ ១៨០០ តោន ដែលមានបណ្តោយប្រវែង ៥០ម៉ែត្រ និងទទឹង ២៥ ម៉ែត្រ។ ការងារស្ទូចដែកតំណរជាឆ្អឹងអាគារនេះ ត្រូវបានលើកឡើងកម្ពស់ ១៣ ជាន់ស្មើនឹង ៥៩ ម៉ែត្រ ដោយភ្ជាប់ពីជាន់ទី១៣ ដល់ជាន់ទី១៦ ក្នុងល្បឿន ៥ ម៉ែត្រក្នុងមួយម៉ោង និងប្រើប្រាស់ពេល ២ថ្ងៃ។ ភាពជោគជ័យនៃការដំឡើងធ្នឹមដ៏ធ្ងន់នេះ បានបង្ហាញពីសមត្ថភាពបច្ចេកទេស និងវឌ្ឍនភាពដ៏លឿនរបស់គម្រោង។
គម្រោងរបស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd. នេះ កំពុងដំណើរការសាងសង់លើផ្ទៃដីសរុបប្រមាណ ១៦ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងប្រមាណ ៥៧៤ លានដុល្លារអាមេរិក។ តាមការវាយតម្លៃរបស់ក្រុមហ៊ុន នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៨ ទុនវិនិយោគនឹងកើនឡើងដល់ប្រមាណ ១ ពាន់លានដុល្លារអាមេរិក ដែលនឹងក្លាយជាគម្រោងដ៏សំខាន់មួយនៅក្នុងខេត្តព្រះសីហនុ។ គិតមកដល់បច្ចុប្បន្ន គម្រោងទាំងមូលបានសាងសង់រួចរាល់ប្រមាណ ៤៥ភាគរយ ហើយក្នុងនោះ អគារសណ្ឋាគារលំដាប់ផ្កាយប្រាំ (កម្ពស់ ៣៧ ជាន់ ចំនួន ២៨៧០ បន្ទប់) បានសង់ដល់កម្ពស់ ៣០ ជាន់។ ដោយឡែកអគារការិយាល័យ និងខុនដូរ បានប្រមាណ ៨០ភាគរយ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។
តាំងពីចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤ គម្រោងនេះបានផ្តល់ឱកាសការងារសរុបប្រមាណ ៣០០០ នាក់ និងប៉ាន់ស្មានថានឹងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥០០០ នាក់ នៅពេលបញ្ចប់។
គម្រោងនេះត្រូវបានបែងចែកជា ២ តំបន់៖
* តំបន់ B: អគារខុនដូរ និងអគារពាណិជ្ជកម្ម គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦។
* តំបន់ A: សណ្ឋាគារលំដាប់ផ្កាយ៥, ផ្សារទំនើប និងសួនកម្សាន្តផ្សេងៗ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។
ការអភិវឌ្ឍដ៏ធំនេះ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍លំដាប់អន្តរជាតិ ស្របតាម ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាដៃគូសហការដ៏សំខាន់ជាមួយសណ្ឋាគារអន្តរជាតិ Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត។ កិច្ចសហការនេះមានគោលបំណងជំរុញទំនាក់ទំនងជាមួយក្រុមហ៊ុនបរទេស ដើម្បីនាំយកផលិតផលគុណភាពខ្ពស់ និងទុនវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា។



