ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសូត្រមន្តលើករាសី សុខសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយភាពរីករាយនិងសាមគ្គីភាព

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសូត្រមន្តលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានសម្តែងរបាំជូនពរ និងរបាំត្រុដិ រួមទាំងល្បែងកំសាន្តប្រជាប្រិយប្រកបដោយបរិយាកាសរីករាយ និងសាមគ្គីភាព ដើម្បីទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ថ្នាក់ដឹកនាំ និងបុគ្គលិក នៃធនាគារ ARDB ។

ថ្នាក់ដឹកនាំ ធនាគារ ARDB សូមបួងសួងដល់ទេវតាឆ្នាំថ្មី ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម “រាក្យសាទេវី” ប្រទានពរជ័យ បវរមហាប្រសើរ សិរីសួស្តី សុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។

សូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យ សិរីសួស្តីគ្រប់ប្រការជូនចំពោះ គ្រប់ក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕