ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំលើកទី២

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារ ARDB , នៅព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB,ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB បានអញ្ចើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំលើកទី២ ឆ្នាំ២០២៤ -២០២៨។
សិក្ខាសាលានេះរៀបចំធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រួមនិងតំណាងក្រសួង ស្ថាប័នដៃគូអភិវឌ្ឍន៍ជាច្រើនរូបផ្សេងទៀតផងដែរ។
គួររម្លឹកផងដែរថា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំលើកទី២ឆ្នាំ២០២៤ -២០២៨ តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មក៏ឡើងធ្វើបទបង្ហាញអំពីផលិតផលនិងសេវាកម្មរបស់ធនាគារជូនដល់ភ្ញៀវកិត្តិយសដែលបានចូលរួម ហើយនៅក្នុងឱកាសនោះផងដែរ ក៏មានការទទួលស្គាល់ផលិតផលចំនួន៥១មុខ ស្ថិតនៅភូមិចំនួន៣៩ជាផលិតផលឆ្នាំ២០២៤៕