ទំនិញចិននាំចេញកើនឡើង៥.៨%ក្នុងខែមិថុនានេះ បន្ទាប់ពីដករនាំងពន្ធគយជាមួយសហរដ្ឋអាមេរិក!ព្រោះមានការបញ្ជាទិញទំនិញយ៉ាងប្រញ៉ាបប្រញ៉ាល់ពី១៩០ប្រទេស

ការនាំចេញរបស់ប្រទេសចិនបានកើនឡើងក្នុងខែមិថុនា ដោយសារការដកពន្ធលើទំនិញរបស់សហរដ្ឋអាមេរិកនិងបានជំរុញឱ្យមានការបញ្ជាទិញយ៉ាងប្រញាប់ប្រញាល់ពីសំណាក់ក្រុមហ៊ុន និងអ្នកប្រើប្រាស់ជាច្រើនដែរ។ ការនាំចេញបានកើនឡើង ៥.៨% ធៀបនឹងឆ្នាំមុន ដែលកើនឡើងពី ៤.៨% នៅក្នុងខែឧសភា។ ការនាំចូលក៏បានស្ទុះងើបឡើងវិញដែរ ដោយកើនឡើងពី១.១% ជាលើកដំបូងរហូតមកនៅឆ្នាំនេះ នេះបើយោងតាមទិន្នន័យគយដែលចេញផ្សាយនៅថ្ងៃចន្ទ។ អនុរដ្ឋមន្ត្រីរដ្ឋបាលគយចិន លោក Wang Lingjun បានប្រាប់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយប្រចាំនៅទីក្រុងប៉េកាំងនៅថ្ងៃនេះបន្ថែមថា ប្រទេសចិនបាននិងកំពុងពង្រីក “រង្វង់មិត្តភាព” របស់ខ្លួន។ លោក Wang បាននិយាយថា ប្រទេសចិនបានសម្រេចបាននូវកំណើននៃការនាំចូល និងការនាំចេញទៅកាន់ប្រទេសនិងដែនដីជាង១៩០នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១៦% ប៉ុន្តែនោះគឺតិចជាងពាក់កណ្តាលនៃការធ្លាក់ចុះចំនួន ៣៤.៥% ដែលបានរកឃើញនៅក្នុងខែឧសភា បន្ទាប់ពីប្រធានាធិបតី Donald Trump បានដាក់ពន្ធរហូតដល់ ២៤៥% លើការនាំចូលពីប្រទេសចិន ហើយទីក្រុងប៉េកាំងបានឆ្លើយតបជាមួយនឹងពន្ធនាំចូលដ៏តឹងតែងរបស់ខ្លួនទៅវិញដែរ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីទុកពេលវេលាសម្រាប់កិច្ចពិភាក្សា។ លើសពីនេះលោក Wang បាននិយាយថាទំហំពាណិជ្ជកម្មនៅក្នុងខែមិថុនាបានស្ទុះងើបឡើងវិញពីតិចជាង ៣០០ប៊ីលានយន់ ស្មើនឹង ៤២ប៊ីលានដុល្លារអាម៉េរិកក្នុងខែឧសភា ដល់ជាង៣៥០ប៊ីលានយន់ ស្មើនឹង៤៣ប៊ីលានដុល្លារអាម៉េរិក។ ប៉ុន្តែការពិភាក្សាជាបឋមរវាងភាគីទាំងពីរនៅមិនទាន់មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅឡើយនោះទេ។ ក្នុងពេលជាមួយគ្នានោះដែរ រដ្ឋបាល Trump បានដំឡើងពន្ធលើការនាំចូលពីប្រទេសចិនចំនួន ៣៥% ដោយរង់ចាំថ្ងៃផុតកំណត់នៅថ្ងៃទី១២ខែសីហា សម្រាប់ការវិលត្រលប់មកនូវស្ថានភាពពន្ធគយខ្ពស់ឡើងវិញ ដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងបានពន្យារពេលសម្រាប់កិច្ចការនេះ។ ការស្ទុះងើបឡើងវិញនៃវិស័យពាណិជ្ជកម្មត្រូវបានគេរំពឹងថានឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចក្នុងត្រីមាសខែមេសាដល់ខែមិថុនា។ រដ្ឋាភិបាលចិនគ្រោងនឹងរាយការណ៍អំពីតួលេខទាំងនោះនៅថ្ងៃអង្គារស្អែកនេះ៕
សម្រួលអត្ថបទ៖ Borinika Sopharin Em