ទេសចរណ៍ជាឆ្អឹងខ្នងសេដ្ឋកិច្ច ការប្រកាសអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ២០២៦-២០៣០ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ

ខេត្តព្រះសីហនុ៖ វិស័យទេសចរណ៍គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់។ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ពិធីប្រកាសផ្សព្វផ្សាយឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០» ត្រូវបានរៀបចំឡើង នៅសណ្ឋាគារឯករាជ្យ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអង្គភាព-មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សាខេត្ត និងតំណាងផ្នែកឯកជននានា។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឡើងអានរបាយការណ៍សង្ខេបស្តីពីដំណើរការ និងកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំកសាង ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០ ដោយបានរំលេចពីការសិក្សាស្រាវជ្រាវ ការប្រមូលគ្រប់ភាគីពាក់ព័ន្ធ និងការកំណត់ទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិស័យទេសចរណ៍ក្នុងតំបន់ និងសកលលោក។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង។ ឯកឧត្តមបានបញ្ជាក់ថា ផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំនេះ មានគោលបំណងស្នូលក្នុងការជំរុញការធ្វើបរិវត្តកម្មវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពទាក់ទាញ ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម ហួត ហាក់ អញ្ជើញមានប្រសាសន៍សំណេះសំណាល និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការអភិវឌ្ឍន៍ បានរំលេចថា ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ បម្រើឱ្យចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ខេត្តព្រះសីហនុ គឺជាស្នូលនៃ របៀងសេដ្ឋកិច្ចពហុបំណង ដែលមានការប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធរវាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ព្រមទាំងតំបន់កោះ និងឆ្នេរសមុទ្រដ៏មានសក្តានុពល។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ផែនការសកម្មភាពឆ្នាំ២០២៦-២០៣០ នេះ នឹងក្លាយជាផែនទីចង្អុលផ្លូវយ៉ាងច្បាស់លាស់ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាគោលដៅទេសចរណ៍អន្តរជាតិលំដាប់ជាន់ខ្ពស់ តាមរយៈ ការលើកកម្ពស់គុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បៃតង ការទាក់ទាញវិនិយោគ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការទទួលកប៉ាល់ទេសចរណ៍អន្តរជាតិធំៗមកកាន់កំពង់ផែខេត្តព្រះសីហនុ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី គ្រប់មន្ទីរ-អង្គភាព វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តផែនការនេះឱ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីរួមគ្នាមកបង្កើតជាផ្លែផ្កាតាមរយៈកំណើនសេដ្ឋកិច្ចសម្រាប់ខេត្តព្រះសីហនុ និងប្រទេសជាតិទាំងមូល។


អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ
រូបភាព ៖ លោក និន សុផា