ទូរទស្សន៍ជាតិកម្ពុជាត្រៀមរៀបចំការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកក្កដា ខាងមុខ

កម្មវិធីរ៉ូបូតថ្នាក់ជាតិជារៀងរាល់ឆ្នាំ ជាកម្មវិធីចំណេះដឹងមួយ ដែលមិនត្រឹមតែអាចបណ្តុះស្មារតីយុវជន ឲ្យចាប់អារម្មណ៍វិស័យរ៉ូបូត និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបណ្តុះជំនាញទន់ ដូចជាការដោះស្រាយបញ្ហា ការគិតប្រកបដោយភាពច្នៃប្រឌិត និងការធ្វើការងារជាក្រុម ក្នុងយុគសម័យឌីជីថលផងដែរ។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។

លោក ប្រាក់ ម៉ៅម៉ូលីន ប្រធាននាយកដ្ឋានព័ត៌មានទូរទស្សន៍ភាសាបរទេស និងជាប្រធាន អនុគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត និងព្រឹត្តិការណ៍ បានជម្រាបជូនអំពីដំណើរការនៃការរៀបចំកម្មវិធីប្រកួត ដំណើរការនៃការផលិតរ៉បូតតាមក្រុមនីមួយៗ ដំណើរការនៃការផលិតទីលាន ដំណើរការការងាររបស់ក្រុមការងារបច្ចេកទេស (ដូចជាអាជ្ញាកណ្តាលគណៈកម្មការ ដាក់ពិន្ទុ និងប្រព័ន្ធដាក់ពិន្ទុ) ដំណើការរបស់ក្រុមការងារឌីជីថល និងវឌ្ឍនភាពការងារសំខាន់ៗ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកដ្ឋានអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ត្រៀមអនុវត្តការងារក្នុងពិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦នេះ ដើម្បីធ្វើយ៉ាងណាឲ្យការប្រកួតនេះ មានភាពសុក្រិត យុត្តិធម៌ និងតម្លាភាពដល់ក្រុមដែលត្រូវចូលរួមប្រកួតទាំងអស់ និងធ្វើយ៉ាងណាឲ្យកម្មវិធីកាន់តែមានភាពទាក់ទាញដល់ទស្សនិកជនមកទស្សនាការប្រកួត។

សូមជម្រាបថា ក្រុមដែលទទួលជ័យលាភីពីការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ ឆ្នាំ២០២៦ នេះ នឹងត្រូវចូលរួមប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ នៅទីក្រុងហុងកុង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ខាងមុខ៕