ទូកនេសាទនៅខេត្តព្រះសីហនុ ប្រមាណ ១៥០០ទូក ត្រូវបានដាក់ GPS តាមដាន និងត្រួតពិនិត្យ 

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ រួមទាំងសហភាពអឺរ៉ុប (EU) បានរៀបចំកម្មវិធី ទស្សនកិច្ច លើប្រធានបទ “ពង្រឹងការគ្រប់គ្រងជលផលសមុទ្រតាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែបឌីជីថល” នៅខេត្តព្រះសីហនុ  ដឹកនាំដោយ លោកជំទាវ ស៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនោះមានការអញ្ជើញចូលរួមក្រោមវត្តមាន ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក នៃ គង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងលោកស្រី រេបេកា ប៊ែល តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា។

 ក្នុងរយៈពេល ០៥ ឆ្នាំកន្លងមកនេះ រដ្ឋបាលជលផលកម្ពុជា (FiA) បានអនុវត្តឧបករណ៍ឌីជីថលប្រកបដោយ នវានុវត្តន៍ជាច្រើនដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងជលផល រួមទាំងឧបករណ៍តាមដាន និងរាយការណ៍តាមលំហ (SMART) ដែលជាវេទិកាដែលអាចប្តូរតាមបំណងសម្រាប់ការប្រមូលទិន្នន័យតាមលំហ និងរាយការណ៍តាម ពេល វេលាជាក់ស្តែង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថាតាមរយៈការគាំទ្រថវិកាដោយផ្ទាល់របស់សហគមន៍អឺរ៉ុបដល់រដ្ឋបាលជលផលដែលជាអ្នកអនុវត្ត និង ជំនួយបច្ចេកទេសរបស់អង្គការ FAO កម្មវិធី CAPFISH-Capture ដែលអនុវត្តពីឆ្នាំ ២០១៩ ដល់ ២០២៥ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពង្រឹងការងារគ្រប់គ្រង និងអភិរក្សធនធានជល ផលទឹកសាប សមុទ្រ និងតំបន់ឆ្នេរ ការធ្វើទំនើបកម្មការគ្រប់គ្រងវិស័យជលផល និងការអភិវឌ្ឍ សមត្ថភាពបច្ចេកទេស និងស្ថាប័ន ការរៀបចំក្របខណ្ឌច្បាប់ដូចជាការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផល ការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការ សកម្មភាពនានា។ ការធ្វើទំនើបកម្មប្រព័ន្ធតាមដានទូកនេសាទ (VMS) គឺជាកិច្ចការសំខាន់សម្រាប់ការគ្រប់គ្រង ធនធានជលផលសមុទ្រ និងតំបន់ឆ្នេរ។ កាលពីមុន ពេលទូកនេសាទចេញពីកំពង់ផែ គឺយើងមិនអាច ដឹងថាទូកនេសាទនោះទៅដល់ណា និងធ្វើសកម្មភាពនេសាទនៅកន្លែងណាទេ។ ប៉ុន្តែពេលនេះ តាមរយៈប្រព័ន្ធតាមដានទូកនេសាទ គឺយើងអាចទទួលព័ត៌មានទាន់ពេលវេលា អំពីទីតាំង ល្បឿន និងទិសដៅរបស់ទូកនេសាទ ដែលអាចជួយឲ្យយើងគ្រប់គ្រង ត្រួតពិនិត្យការនេសាទកាន់តែមាន ប្រសិទ្ធភាព។

ប្រព័ន្ធតាមដានទូកនេសាទនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ដោះស្រាយបញ្ហាការនេសាទខុសច្បាប់ គ្មានរាយការណ៍ និងគ្មានបញ្ញត្តិ (IUU)។ កម្ពុជាក៏បានដាក់ ចេញនូវផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ ឆ្នាំ២០២០-២០២៤ និងបាន ធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០២៥ ហើយការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការអនុវត្ត កាតព្វកិច្ចអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមនានាដើម្បីឈានទៅដល់ការដក “កាតក្រហម” ពី ប្រទេសកម្ពុជារបស់សហភាពអឺរ៉ុប។

 

 បន្ថែមលើប្រព័ន្ធតាមដានទូកនេសាទ មានប្រព័ន្ធផ្សេងៗទៀត រួមមានប្រព័ន្ធគ្រប់គ្រង ព័ត៌មាននេសាទ ប្រព័ន្ធចុះល្បាតដោយប្រើប្រាស់កម្មវិធីស្មាត (SMART) និងប្រព័ន្ធស្ថិតិ FishStat សម្រាប់ការរាយការណ៍ និងការវិភាគអំពីផលនេសាទ។ ប្រព័ន្ធទាំងនេះ ជួយដល់ការសម្រេចចិត្ត ដោយផ្អែកលើមូលដ្ឋានទិន្ន័យ និងវិទ្យាសាស្ត្រក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលដើម្បី ធានាបាននិរន្តរភាពផលនេសាទសម្រាប់ជំនាន់យើងក៏ដូចជាកូនចៅយើងជំនាន់ក្រោយ៕