ទឹកជំនន់បានបង្ខំប្រជាជនប៉ាគីស្ថានជាង១សែននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេនាភាគខាងកើតរដ្ឋ Punjab និងទទួលបានរបបអាហារជំនួយត្រឹមតែ១ពេលប៉ុណ្ណោះក្នុង១ថ្ងៃ

ទឹកជំនន់ដ៏បំផ្លិចបំផ្លាញបានបង្ខំឱ្យមនុស្សរាប់ពាន់គ្រួសារចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងខេត្ត Punjab ភាគខាងកើតនៃប្រទេសប៉ាគីស្ថាន។ អ្នកដែលនៅរស់រានមានជីវិតភាគច្រើនបានជ្រកកោននៅតាមបរិវេណអគារសាលារៀន អគាររដ្ឋាភិបាល និងបរិវេណអគារនានាដោយសំពត់តង់ផងដែរ ប៉ុន្តែការកើនឡើងនៃទឹកជំនន់ឥឡូវនេះកំពុងតែគំរាមកំហែងបន្តដល់ទីកន្លែងសុវត្ថិភាពដែលពួកគេកំពុងជ្រកកោនទាំងនោះហើយ។ មនុស្សជាច្រើននាក់បាននិយាយថា ការផ្គត់ផ្គង់ស្បៀងអាហារនៅតែខ្វះខាតនៅឡើយសម្រាប់ពួកគេ ដោយគ្រួសារខ្លះទទួលបានអាហារតែមួយមុខ ក្នុងមួយថ្ងៃប៉ុណ្ណោះ។ លោក Bilal Ahmed បានជម្លៀសខ្លួនចេញពីផ្ទះកប់ដីភក់របស់លោកជាមួយក្រុមគ្រួសាររបស់លោកយ៉ាងប្រញាប់ ហើយទុកចោលអ្វីៗគ្រប់យ៉ាង ដោយរក្សាបានត្រឹមតែជីវិតរបស់ពួកគេប៉ុណ្ណោះ។ លោកបាននិយាយថា មកដល់ពេលនេះគ្រួសារបស់លោកនៅមិនមានអាហារគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានៅឡើយទេ។ លោក Ahmed បាននិយាយទៀតថា៖ យើងទទួលបានអង្ករសម្រាប់អាហាររួចហើយ តែយើងអាចហូបបានតែម្តងក្នុងមួយថ្ងៃប៉ុណ្ណោះ ប្រសិនបើយើងសុំបន្ថែមទៀតពួកគេនិយាយថា៖ មិនមានទេ យើងមិនមានច្រើនទេ ហើយមានមនុស្សច្រើនណាស់ដែលយើងត្រូវចិញ្ចឹមអ្នកផ្សេងទៀតផងដែរ។ ក្រុមអ្នកជួយសង្គ្រោះដែលគាំទ្រដោយយោធាបានជម្លៀសមនុស្សជិត ១សែននាក់ពេញមួយយប់ចេញពីទីក្រុងភាគកណ្តាលប្រទេសប៉ាគីស្ថាន ដែលអ្នកខ្លះបានពិពណ៌នាអំពីការតស៊ូ ទ្រាំទ្រនឹងកំដៅដ៏ក្តៅគគុកនៅក្នុងសំពត់តង់ផង ហើយតំបន់ខ្លះគឺដំបូងមេឃ បន្ទាប់ពីទឹកជន់លិចផ្ទះសម្បែងរបស់ពួកគេ និងបានរំលាយដីស្រែចំការរបស់ពួកគេខ្ទេចខ្ទីអស់៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ