ទឹកជំនន់ដូចបាក់ទំនប់កាន់តែធ្ងន់ធ្ងរទៅៗនៅភាគខាងត្បូងប្រទេសថៃមិនធ្លាប់មានជាង៣សតវត្សមកនេះ! បណ្តាលឱ្យខូចខាត ទ្រង់ទ្រាយធំនិងសកម្មភាពជម្លៀសមនុស្សចេញ
ស្ថានភាពទឹកជំនន់ក្នុងប្រទេសថៃភាគខាងត្បូងកាន់តែធ្ងន់ធ្ងរទៅៗ មិនធ្លាប់មានក្នុងរយៈពេលជាង៣សតវត្សមកនេះ ដែលវាបន្តនិងបង្កឲ្យខូចខាតធ្ងន់ធ្ងរដល់ទីក្រុងទេសចរ ហាតយ៉ៃ និងខេត្តនានានៅជិតព្រំដែនម៉ាឡេស៊ី ដែលជំរុញឱ្យមានជម្លៀសមនុស្សចេញ។ នៅក្នុងរូបភាពវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក TPBS ពីលើអាកាសក្នុងស្រុកហាតយ៉ៃបានបង្ហាញពីផ្លូវថ្នល់ និងអគារដែលលិចទឹកយ៉ាងខ្លាំង ហើយមានរថយន្តស្ទើរតែលិចចូលទៅក្នុងទឹកបាត់តែម្តង។ អ្នកស្រុកមួយចំនួនបានសម្រុករត់ឡើងលើដំបូងផ្ទះខ្ពស់ៗ ដើម្បីទទួលបានកន្ត្រកអាហារ ដែលគេបានលើកស្ទួយឡើងដោយខ្សែពួរ ខណៈពេលវេលានៃការជម្លៀសមនុស្សកំពុងតែបន្តយ៉ាងសកម្មនៅទូទាំងតំបន់រងគ្រោះ។ នៅតំបន់ប៉ាតានីនៃព្រំដែនភាគខាងត្បូងប្រទេសថៃវិញ ផ្លូវថ្នល់ស្ទើតែទាំងស្រុងត្រូវទឹកជន់លិច ហើយហាងអាជីវកម្មនានាបានដាក់បាវខ្សាច់ទប់នៅតាមហាងលក់ទំនិញរបស់ពួកគេ និងដើម្បីរាំងខ្ទប់ទឹកជំនន់ដ៏ខ្លាំងនោះ ខណៈមន្ទីរពេទ្យមួយកន្លែអដែលស្ទើរតែលិចទឹកអស់ផងដែរ។ មកដល់ពេលនេះការវាយតម្លៃខូចខាតមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



