ទឹកចិត្តអ្នកសមរភូ មិក្រោយ មិនដែលបោះបង់ ឬមេីលរំលងសុខទុក ្ខ និងវីរៈភាពកងទ័ពជួរមុខការពារព្រំដែន ដេីម្បីការពារ អធិបតេយ្យភាព បូរណភាពទឹកដីនោះទេ ។

ដេីម្បីជាការលេីកទឹកចិត្ត និងយកចិត្តទុកដាក់ ដល់កងកម្លាំងជួរមុខ ការពារព្រំដែន ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូន រួមជាមួយអភិបាលខណ្ឌចំនួន៤ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយ ផ្តល់ជូនដល់អង្គភាពវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៧៩៣ ស្ថិតនៅភូមិសាស្ត្រទិសខេត្តព្រះវិហារ” ។

ការចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកនូវអំណោយ ផ្តល់ជូនដល់កងកម្លាំងការពារព្រំដែនជួរមុខ នៃអង្គភាពវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៧៩៣ ស្ថិតនៅភូមិសាស្ត្រទិសខេត្តព្រះវិហារនេះ ត្រូវបានធ្វេីឡេីង ក្រោមការដឹកនាំដោយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ព្រមទាំង មន្ត្រី រាជការ និងបុគ្គលិកតាមបណ្ដាលខណ្ឌជាច្រេីននាក់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតអនុស្សារណៈ ស្តីពីការចងសម្ព័ន្ធមេត្រីជាមួយអង្គភាពជួរមុខចំនួន២ ក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូនរដ្ឋបាល ខណ្ឌទាំង ១៤ មន្ទីរ-អង្គភាពជំនាញ និងវិស័យឯកជនក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សារណៈចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ដែលកាន់តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ពចំនួន៤អង្គភាព ។ តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ តែងតែបានចងភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ យើងបានរៀបចំព្រឹត្តិការណ៍២ ដងក្នុងមួយឆ្នាំ គឺ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាព រស់នៅ បានមួយកម្រិត ដែលនេះ គឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាម អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក សាំ ពិសិដ្ឋ បញ្ជាក់ដែរថា ក្នុងនាមលោក និងប្រជាជននៅទូទាំងប្រទេស ដែលជាសមរភូមិក្រោយ ពិតជាមានសេចក្តីរីករាយដែលបានឃេីញកងកម្លាំងការពារព្រំដែនរបស់យេីង មានសុភាពល្អ មានវីរៈភាពការពារជាតិ ជាស្តែងកាលពីម្សិលមិញនេះ កងកម្លាំងរបស់យេីង បានខិតខំទប់ស្កាត់ ការពារមិនអោយមានការចូលលុក និងឈានពាន និងលួចវាយឆ្មក់ ចូលមកក្នុងទឹកដីកម្ពុជារបស់យេីង ធ្វេីអោយកម្លាំងយេីងរងគ្រោះម្នាក់ ។ ក្នុងនោះ ក្នុងនាមជាអ្នកសមរភូមិក្រោយ សូមប្តេជ្ញាគោរព និងអនុវត្តតាមការសម្រេចចិត្តដ៏គត់មត់បំផុតក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន របស់សម្តេចតេជោ និងសម្តេចបវរធិបតី និងចូលរួមផ្តល់ជាកម្លាំងចិត្តដល់វីរៈភាពរបស់កងកម្លាំងរបស់យេីងអោយអស់លទ្ធភាព។

លោកវរៈសេនីយ៍ឯក ឃួន ប៊ុនធឿន មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៧៩៣ បានធ្វេីការថ្លែងអំណរគុណ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌកំបូល ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកតាមបណ្តាលខណ្ឌទាំងអស់ នៃរាជធានីភ្នំពេញ ដែលបានជួយឧបត្ថម្ភជា ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន តាមរយៈសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ហាញពីការចូលរួមចំណែកយកចិត្តទុកដាក់ និងចំពោះសុខទុក្ខរបស់កងកម្លាំងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្នុងឱកាសចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកនូវអំណោយ ផ្តល់ជូនដល់កម្លាំងការពារព្រំដែនជួរមុខ នៃអង្គភាពវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៧៩៣ ស្ថិតនៅភូមិសាស្ត្រទិសខេត្តព្រះវិហារនាពេលនេះ រួមមាន ៖ មី ៦០កេសធំ ភេសជ្ជៈ១២០កេស ទឹកសុទ្ធ៦០កេស ទឹកត្រី២០យួរ ទឹកសុីអុីវ២០យួរ ឧបតម្ថម្ភជាសំភារៈធ្វេីកសិកម្មមួយចំនួន ឧបត្ថម្ភជាថវិការដល់ អង្គភាពវរៈនគរបាល ២លានរៀល និងគណៈគ្រប់គ្រងនគរបាលជាតិទិសភូមិភាគទី៤ មេបញ្ជាការវរៈ មេបញ្ជារងវរៈ មន្ត្រីនគរបាល សរុបចំនួន៧លានរៀល ដែលគិតជាទឹកប្រាក់សរុបចំនួន ជាង៣៦លានរៀល ៕

 

រូបភាព អត្តបទ : ឃួន សុភ័ក្ត្រឧត្តមវណ្ណៈ