ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងអង្គការអន្តរជាតិខាងការងារ រួបរួមគ្នាដើម្បីភ្ជាប់ពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ និងយុវជន ជាមួយនឹងឱកាសការងារសមរម្យប្រមាណចំនួន ៣.០០០ កន្លែងក្នុងខេត្តបាត់ដំបង វេទិកាការងារថ្នាក់ខេត្តផ្តល់ឱកាសការងារប្រហែល ៣.០០០ កន្លែង និងផ្តល់ការណែនាំដល់អ្នកស្វែងរកការងារធ្វើ និងពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ ។

ខេត្តបាត់ដំបង ជាមួយនឹងលំហូរនៃពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ និងលំហូរយុវជនកម្ពុជាចូលក្នុងកម្លាំងពលកម្ម វាកាន់តែទាន់ពេលវេលាដើម្បីធានាថាពួកគេទទួលបានឱកាសការងារ   សមរម្យ និងអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់សមាហរណកម្មយ៉ាងរលូនទៅក្នុងសេដ្ឋកិច្ច។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចែករំលែកព័ត៌មានឱកាស ការងារ ឱកាសបណ្តុះបណ្តាល    កម្មសិក្សា កម្មវិធីស្ម័គ្រចិត្ត និងអាហារូបករណ៍ដែលកំពុង មាននៅ ក្នុងវិស័យជាច្រើន រាប់ចាប់ពីវិស័យ ទេសចរណ៍ អាហារកែច្នៃ និងរថយន្ត។
យោងតាមជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់ជាខេត្តដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៥ ដែលមានប្រជាជនសរុបចំនួន ៩៩៧.១៦៩ នាក់ ស្មើនឹង ៦.៤% នៃចំនួនប្រជាជនសរុប។ ខេត្តនេះក៏បង្ហាញពីអត្រាចូលរួមកម្លាំងពលកម្មដ៏រឹងមាំផងដែរ ដោយ ៧៦% នៃបុគ្គលដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅបានចូលរួមយ៉ាងសកម្មក្នុងកម្លាំងពលកម្ម។ ដោយសារគុណសម្បត្តិ ប្រជាសាស្រ្ត ខេត្តបាត់ដំបងមានសេដ្ឋកិច្ចរឹងមាំដែលគាំទ្រដោយអាជីវកម្មចំនួន ៤៩.៧៤៨ ដែលមានបុគ្គលិកប្រមាណ ១២១.៨៤៥នាក់។ ខេត្តបាត់ដំបងមានភាពរឹងមាំខាងផ្នែកសេដ្ឋកិច្ច ភាគច្រើនមកពីឧស្សាហកម្ម   ផ្សេងៗដូចជា សេវាកម្ម ការកែឆ្នៃផលិតផលកសិកម្ម និងកម្មន្តសាល នេះបើយោងតាមជំរឿនសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ២០២២។
លើសពីនេះ ខេត្តបាត់ដំបងមិនត្រឹមតែលេចធ្លោពាក់ព័ន្ធនឹងការមានសហគ្រាសជាច្រើន និងសក្តានុពលកម្លាំងពលកម្មចម្រុះប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះក៏មានតួនាទីសំខាន់ក្នុងការជួយរាជរដ្ឋាភិបាលក្នុងការផ្តល់ឱកាស ការងារ និងការធ្វើសមាហរណកម្មរបស់ពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ប្រកបដោយប្រសិទ្ធភាពទីក្នុងទីផ្សារការងារក្នុងស្រុកផងដែរ។
វេទិកានេះបានផ្តល់ជាវេទិកាពិសេសមួយសម្រាប់អ្នកចូលរួមជាង ១.០០០ នាក់ រួមទាំងពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ យុវជន និងយុវជនមានពិការភាពដើម្បីធ្វើអន្តរកម្មជាមួយក្រុមហ៊ុន និងស្ថាប័នល្បីៗ និងគ្រឹះស្ថានផ្តល់ការអប់រំ និងបណ្តុះបណ្តាល ស្តីពីទស្សនវិស័យការងារ និងគំនិតផ្តួចផ្តើមកសាងសមត្ថភាពដែលមាននៅលើទីផ្សារការងារ។
លោកស្រី ហង្ស សេរីវលក្ខណ៍ អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ មានប្រសាសន៍ថា “វេទិកាការងារដែលធ្វើឡើងនៅខេត្តបាត់ដំបងនេះតំណាងឱ្យការផ្តួចផ្តើមគំនិតទាន់ពេលវេលា និងជាយុទ្ធសាស្រ្តក្នុងគោលបំណងដោះស្រាយតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ដោយផ្តោតលើយុវជន អ្នកស្វែងរកការងារធ្វើ ជនមានពិការភាព ពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍និងក្រុមងាយរងគ្រោះដទៃទៀត។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កោតសរសើរខ្ពស់ចំពោះកិច្ចសហការ និងការគាំទ្ររបស់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការអន្តរជាតិខាងការងារ (ILO) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ(UNICEF) ដែលការរួមចំណែករបស់ស្ថាប័នទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដែលបាននាំឱ្យការរៀបចំព្រឹត្តិការណ៍ការងារដ៏សំខាន់នេះប្រកបជោគជ័យ”។
“យើងមានកិត្តិយសដោយភាពជាដៃគូជាបន្តបន្ទាប់ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្គូផ្គងអ្នកស្វែងរកការងារធ្វើវ័យក្មេង ក្រុមងាយរងគ្រោះ រួមទាំងស្ត្រី និងជនមានពិការភាព ក៏ដូចជាពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ ក្នុងខេត្តបាត់ដំបង ទៅនឹងតម្រូវការទីផ្សារការងារដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាជាចំណែកនៃ ២ ភាគ ៣នៃប្រជាជនសរុបក៏ដោយ ក៏យុវជនដែលមានអាយុក្រោម ៣០ ឆ្នាំនៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានការងារដែលមានប្រាក់ខែខ្ពស់។ កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការជំរុញការងារសមរម្យ និងការគាំពារសង្គមសម្រាប់ទាំងអស់គ្នាអាចដោះស្រាយបញ្ហាសំខាន់ៗទាំងនេះ និងរួមចំណែកដល់អាទិភាពជាតិរបស់កម្ពុជា ដែលមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិ (NSDP) ឆ្នាំ ២០២៤-២០២៨” ប្រសាសន៍របស់លោកស្រី Xiaoyan Qian នាយកការិយាល័យនៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
បន្ថែមពីលើវេទិកាការងារ ព្រឹត្តិការណ៍នេះមានវគ្គបណ្តុះបណ្តាលសម្រាប់ការតៀមខ្លួនចូលក្នុងទីផ្សារការងារ ដែលគ្របដណ្តប់លើប្រធានបទគន្លឹះក្នុងការស្វែងរកការងារ ដូចជារបៀបរៀបចំប្រវត្តិរូបឱ្យជោគជ័យ លិខិតអម និងការត្រៀមខ្លួនមុនពេលសម្ភាសន៍ការងារក៏ដូចជាការផ្សព្វផ្សាយព័ត៌មានស្តីពីសិទ្ធិនិងកាតព្វិកិច្ចរបស់យុវជននៅកន្លែងធ្វើការ។
សួមជម្រាបថាវេទិកាការងារថ្នាក់ខេត្តត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការគាំទ្រពី ILO ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមនៃសាធារណៈរដ្ឋប្រជាមានិតចិន (MOHRSS)។