ទីបំផុត! បទឈប់បាញ់រវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់លេចចេញជារូបរាងហើយតាមរយៈការទូតភាពរបស់ប៉ាគីស្ថាន ហើយច្រកសមុទ្រ Hormuz នឹងបើករយៈពេល2សប្តាហ៍ ប៉ុន្តែអ៊ីស្រាអែលហាក់មិនពេញចិត្តទេ….

នៅយប់ថ្ងៃអង្គារនេះ (ម៉ោងនៅអាម៉េរិក) លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសដកថយលើការគំរាមកំហែងរបស់លោកក្នុងការវាយប្រហារដ៏សាហាវទៅលើប្រទេសអ៊ីរ៉ង់ហើយ ដោយងាកទៅរកភាពបន្ធូរបន្ថយសង្គ្រាមតិចជាងពីរម៉ោងមុនថ្ងៃផុតកំណត់ដែលលោកបានកំណត់សម្រាប់ទីក្រុងតេអេរ៉ង់ឱ្យចុះចាញ់ ឬបើមិនដូច្នោះទេ “អារ្យប្រទេសទាំងមូលរបស់អ៊ីរ៉ង់នឹងត្រូវស្លាប់”។ លោក Trump បាននិយាយថា លោកធ្លាប់បានពន្យារពេលដោយវាយប្រហារគំរាម ទៅលើស្ពានភ្ជាប់រោងចក្រថាមពល និងគោលដៅស៊ីវិលផ្សេងទៀតរបស់អ៊ីរ៉ង់ដែរ ដោយស្ថិតនៅក្រោមលក្ខខណ្ឌដែលទីក្រុងតេអេរ៉ង់អាចយល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រហ័រមូសឡើងវិញបាន ដែលវាជាផ្លូវទឹកដែលមានសក្តានុពលដឹកជញ្ជូនថាមពលប្រេង១ភាគ៥របស់ពិភពលោកអំឡុងពេលមានសន្តិភាព។ លោកក៏បាននិយាយផងដែរថា អ៊ីរ៉ង់បានស្នើដាក់ផែនការសន្តិភាព១០ចំណុច “ដែលអាចទទួលយកបាន” ដែលវាអាចជួយបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ។ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បាននិយាយថា ខ្លួនបានទទួលយកបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ហើយបញ្ជាក់ថាខ្លួននឹងចរចាជាមួយសហរដ្ឋអាមេរិកនៅទីក្រុងអ៊ីស្លាម៉ាបាដនៅថ្ងៃសុក្រសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍មួយដែលត្រូវបានអានតាមរយៈទូរទស្សន៍រដ្ឋ IRIB បាននិយាយថា “ការចរចាទាំងនេះ អាចធ្វើឡើងដោយមិនទុកចិត្តទាំងស្រុងប៉ុន្មានទេលើសមភាគីអាមេរិក នឹងចាប់ផ្តើមនៅទីក្រុងអ៊ីស្លាម៉ាបាដនៅថ្ងៃសុក្រ ទី១០ខែមេសា ហើយអ៊ីរ៉ង់នឹងយករយៈពេលពីរសប្តាហ៍នេះដើម្បីខិតខំការចរចាគ្រប់ការងារទាំងអស់ តាមដែលអាចធ្វើទៅបាន។ ពេលវេលានេះអាចនឹងត្រូវបានពង្រីកជាមួយនឹងការយល់ព្រមគ្នារវាងភាគីទាំងពីរ”។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយទៀតថា ការឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រូវបានអនុញ្ញាតសម្រាប់រយៈពេលពីរសប្តាហ៍ខាងមុខ ក្រោមការគ្រប់គ្រងរបស់យោធាអ៊ីរ៉ង់ដដែល។ ប៉ុន្តែវាមិនច្បាស់ភ្លាមៗទេ ថាតើស្ថានភាពនោះមានន័យថាអ៊ីរ៉ង់នឹងត្រូវបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួនលើផ្លូវទឹកនេះឬអត់។ នៅក្នុងសារបង្ហោះមួយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក លោក Trump បាននិយាយថា លោកនឹងផ្អាកការវាយប្រហារលើរដ្ឋអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ខាងមុខដែរ ដរាបណាទីក្រុងតេអេរ៉ង់យល់ព្រម «បើកច្រកសមុទ្រទាំងស្រុង ភ្លាមៗ និងប្រកបដោយសុវត្ថិភាព»។ ការទាមទាររបស់អ៊ីរ៉ង់សម្រាប់ការបញ្ចប់សង្គ្រាមរួមមាន៖ ការគ្រប់គ្រងច្រកសមុទ្រ ការដកកងកម្លាំងប្រយុទ្ធរបស់សហរដ្ឋអាមេរិកចេញពីតំបន់ ការលើកលែងទណ្ឌកម្ម និងបញ្ឈប់បង្កកទ្រព្យសម្បត្តិរបស់រដ្ឋអ៊ីរ៉ង់ដែរ។ ការទាមទារទាំងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំឡើងវិញទាំងសណ្តាប់ធ្នាប់ភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាផង និងពាណិជ្ជកម្មប្រេងសកលផង។ ទោះបីជាបទឈប់បាញ់ត្រូវបានប្រកាសក៏ដោយ ប៉ុន្តែការព្រមានអំពីមីស៊ីលនៅតែបន្តដដែលនៅក្នុងប្រទេសអារ៉ាប់រួម អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត បារ៉ែន និងគុយវ៉ែតនៅព្រឹកថ្ងៃពុធនេះ ដែលវាបង្ហាញពីភាពវឹកវរជុំវិញចលនាការទូតរបស់ពួកគេ។ យោធាសហរដ្ឋអាមេរិកបានបញ្ឈប់ប្រតិបត្តិការវាយលុកទាំងអស់ប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែភាពតានតឹងខ្លះនៅតែបន្តសកម្មភាពដដែលក្នុងរូបភាពការពារ នេះបើយោងតាមមន្ត្រីម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិក។ សូមរំលឹកថាចាប់តាំងពីមានសង្គ្រាមបានចាប់ផ្តើម មក ឥរិយាបថលោក Trump បានសម្រេចដកថយ ម្តងហើយម្តងទៀតនូវកាលកំណត់ពេលវេលាមុនពេលផុតកំណត់ ។ ដោយលោកធ្វើដូច្នេះម្តងទៀតដែរនៅថ្ងៃអង្គារនេះ ដោយផ្អែកលើការសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif និងឧត្តមសេនីយ៍ Asim Munir មេបញ្ជាការកងទ័ពដ៏មានឥទ្ធិពលរបស់ប្រទេសប៉ាគីស្ថាន។ លោក Sharif បានបង្ហោះសារមួយនៅលើប្រព័ន្ធទំនាក់ទំនង X ប៉ុន្មានម៉ោងមុនថា លោកបានស្នើសុំឱ្យលោក Trump ពន្យារពេលកំណត់របស់លោករយៈពេលពីរសប្តាហ៍ទៀត ដើម្បីឲ្យលោកធ្វើការងារការទូតជាច្រើនលើបញ្ហានេះជាមួយអ៊ីរ៉ង់ ហើយលោកបានបង្ហោះសារដូចគ្នានេះដែរ ដើម្បីស្នើសុំឱ្យអ៊ីរ៉ង់បើកច្រកសមុទ្ររយៈពេលពីរសប្តាហ៍ទៀតដូចគ្នា។ លោកប្រធានាធិបតីបាននិយាយក្នុងសារបង្ហោះថា អ៊ីរ៉ង់បានបង្ហាញ «មូលដ្ឋានដែលអាចអនុវត្តបានដើម្បីចរចាគ្នា»។ លោក Trump បាននិយាយថា «ចំណុចផ្សេងៗស្ទើរតែទាំងអស់នៃជម្លោះជាមួយគ្នាកន្លងមក ត្រូវបានព្រមព្រៀងគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែរយៈពេលពីរសប្តាហ៍ខាងមុខវានឹងអនុញ្ញាតឱ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងសម្រេចបាន»។ ប៉ុន្តែលោកមានការព្រួយបារម្ភនៅក្នុងប្រទេសអ៊ីស្រាអែលអំពីកិច្ចព្រមព្រៀងនេះ ព្រោះបុគ្គលម្នាក់និយាយក្នុងស្ថានភាពអនាមិកថា៖ អ៊ីស្រាអែលចង់សម្រេចសង្រ្គាមឲ្យបានច្រើនជាងនេះ។ សូមបញ្ជាក់ថាឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់កម្រិតខ្ពស់របស់អ៊ីរ៉ង់នៅតែត្រូវបានកប់នៅកន្លែងចម្រាញ់ដដែល ដែលកម្មវិធីនេះគឺជាបញ្ហាចម្បងមួយដែលបានលើកឡើងដោយទាំងភាគីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកក្នុងការបើកទំព័រសង្រ្គាមឆ្នាំ២០២៦៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ