ទីបញ្ជាការស្រាល នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចូលរួមចំណែកគាំទ្រ ទាំងថវិកា និងគ្រឿងឧបភោគ បរិភោគដល់បញ្ជាការដ្ឋានទ័ពពិសេស ប្រចាំការតំបន់ព្រំដែនកម្ពុជាថៃក្នុងខេត្តព្រះវិហារ។

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានដឹកនាំមន្ត្រីជាន់ខ្ពស់រួមទាំងមន្រ្តីបច្ចេកទេស (គ.ជ.គ.មនារសៀល)ថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២៥នៅខេត្តព្រះវិហារបានអញ្ជើញសំណេះសណាល សាកសួរសុខទុក្ខដល់នាយទាហាន នាយទាហានរងនិងពលទាហាននៅទីបញ្ជាការស្រាល នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដោយមានការទទួលពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ។

ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. ក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការគោរព កោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជា ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ ការកំពុងបំពេញបេសកកម្ម នៅតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាកងទ័ពជួរមុខទាំងអស់ ដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន យ៉ាងអង់អាចក្លាហានហ៊ាន ធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងកម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិអង្គរដ៏បវរនៃយើង នាយទាហាន ពលទាហានការពារផ្ទាល់ និងសប្បុរសជនទាំងអស់ ដែលមានវត្តមាននៅទីនេះ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយគោរពតាមច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាសគាំទ្រនូវរាល់ចំណាត់ ការរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តម បន្តថាវត្តមានរបស់នាយទាហាន នាយទាហានរង និងពលទាហាន ប្រចាំការនៅសមរភូមិនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់នាយទាហាន ពលហានទាំងអស់ ចំពោះនាយទាហាន ពលទាហាន បញ្ជាការដ្ឋានស្រាលនៃបញ្ជាការដ្ឋានទ័ពពិសេស ដែលទទួលភារកិច្ចពីសម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងការលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ក្នុងការការពារបូរណភាពទឹកដី សន្តិសុខជាតិ និងសុខសន្តិភាពជូនប្រជាជន។ កាយវិការនេះគឺជាការលើកទឹកចិត្ត និងពង្រឹងស្មារតីដ៏សំខាន់សម្រាប់កងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មនៅតាមបណ្តោយព្រំដែន។

សូមបញ្ជាក់ថា ការសំណេះសំណាល សាកសួរសុខទុក្ខនេះ ឯកឧត្តមបាននាំយកអំណោយ មកប្រគល់ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការស្រាល នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក
ខេត្តព្រះវិហារ រួមមានអំណោយប្រគល់ជូនកងកម្លាំងការពារតាមព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ជាអំណោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថវិកាចំនួន ៥លានរៀលនិងភេសជ្ជៈផ្សេងៗ រួមទាំងគ្រឿងឧបភោគ បរិភោគ មានសៀង ៥០គីឡូ ប្រហុក ៥០គីឡូ ផ្អក ៥០គីឡូ ត្រីងៀត ៨០គីឡូ ត្រីឆ្អើ ១០០ដុំ ឆៃប៉ូវ ៥០គីឡូ សាច់ក្រក់ ៨០គីឡូ ស្ករស ៥០គីឡូ ទឹកស៊ីអ៉ីវ ៣០យួរ ទឹកត្រី ៣០យួរ មី ៨០កេះធំ ប៊ីចេង ៥០គីឡូ ត្រីងៀតតូច ៥០គីឡូ ត្រសក់ចាវ ៥០គីឡូ ពងទា ១៥០០គ្រាប់ផងដែរ ៕