ទីតាំងផ្នូរបុរាណ Byzantine មានអាយុ១៥០០ឆ្នាំត្រូវបានគេរកឃើញ នៅក្នុងខេត្ត Idlib (អ៊ីដលីប) ប្រទេសស៊ីរីដែលរងគ្រោះដោយសង្រ្គាម ផ្ទៃក្នុងជាង១៤ឆ្នាំ

កម្មករម្នាក់ដែលបានជីកដី នៅក្នុងផ្ទះមួយក្រោយពីបំផ្លិចបំផ្លាញ និងដួលរលំចូលជ្រៅនាភាគខាងជើងប្រទេសស៊ីរី ស្រាបតែបានប្រទះឃើញវត្ថុមួយ ដែលបន្សល់ក្រោមផ្នូរក្រោមដី Byzantine និងដែលគេជឿជាក់ថាមានអាយុកាលជាង ១៥០០ឆ្នាំមកហើយ។ គំហើញនេះបានកើតឡើងកាលពីឧសភាកន្លងទៅ នៅក្នុងទីក្រុង Maarat al-Numan នៅក្នុងខេត្ត Idlib ដែលមានទីតាំងនៅលើផ្លូវភ្ជាប់រវាងទីក្រុង Aleppo និង Damascus (ដាម៉ាស់)។ គួររំលឹកថាសហគមន៍នេះក្លាយជាចំណុចដ៏សំខាន់មួយក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរីដែលមានរយៈពេលជិត១៤ឆ្នាំមកហើយ និងបានបញ្ចប់វិញដោយភាពបាត់បង់ អំណាចរបស់ប្រធានាធិបតី Bashar Assad នៅខែធ្នូនៃយុទ្ធនាការវាយប្រហារយ៉ាងលឿនរបស់កងទ័ពចលនាប្រឆាំង។ កាលនោះកងកម្លាំងរដ្ឋាភិបាលរបស់លោក Bashar Assad បានដណ្តើមយកតំបន់នេះទៅគ្រប់គ្រងវិញនៅក្នុងឆ្នាំ ២០២០។ ផ្ទះជាច្រើនខ្នងត្រូវបានបផ្លិតបំផ្លាញហើយខ្លះទៀតគ្មានដំបូលគ្របនោះទេ។ យ៉ាងណាមិញឥឡូវនេះប្រជាជនស៊ីរីកំពុងចាប់ផ្តើមជីវិតជាថ្មី និង ត្រលប់មករស់នៅធម្មតាវិញ និងស្ថាបនាតំបន់នោះឡើងវិញដែរ។ ក្នុងដំណើរការសាងសង់ឡើងវិញនោះដែរ ពួកគេក៏បានបើកឡើងនូវគំនរថ្មមួយផ្ទាំងធំនិងបានប្រទះឃើញនូវវត្ថុដ៏មានតម្លៃពីផ្នូរបុរាណមួយ។ ប្រជាជនបានជូនដំណឹងនេះទៅកាន់អគ្គនាយកដ្ឋានបេតិកភណ្ឌរបស់ពួកគេ ហើយពួកគេបានបញ្ជូនក្រុមអ្នកឯកទេសទៅពិនិត្យនិងរក្សាឱ្យមានសុវត្ថិភាពបំផុតដែរ។ លោក Hassan al-Ismail អគ្គនាយកនៃនាយកដ្ឋានបេតិកភណ្ឌខេត្ត Idlib បានឱ្យដឹងថា៖ ដោយផ្អែកលើសញ្ញារូបឆ្កាង និងដំណក់កែវសិល្បៈដ៏ចាស់បុរាណដែលបានរកឃើញ គឺថាផ្នូរបុរាណនេះស្ថិតក្នុងសម័យ Byzantine។ លោកបានបន្តទៀតថាការរកឃើញនេះគឺអាចបង្ហាញបន្ថែមពីសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបនៅក្នុងតំបន់នោះ។ ជាងនេះទៅទៀតលោក al-Ismail បានបញ្ជាក់ថា ខេត្ត Idlib មានសម្បិត្តទី៣នៃបេតិកភណ្ឌក្នុងប្រទេសស៊ីរី ដែលរួមបញ្ចូលគ្នាជាមួយនឹងគេហដ្ឋានបុរាណជាច្រើនកន្លែងនិងត្រូវបានគេចាត់ទុកថាជាទីក្រុងបុរាណមួយផងដែរ។ គួររំលឹកផងដែរថាអាណាចក្របុរាណ Byzantine បានកកើតឡើងក្នុងសតវត្សទី៤គឺជាការបន្តនៃអាណាចក្ររ៉ូម៉ាំងរបស់ប្រទេសអ៊ីតាលីដែលមានរាជធានីនៅ Constantinople (បច្ចុប្បន្នគឺទីក្រុង Istanbul) និងមានគ្រិស្ដសាសនាជាសាសនាផ្លូវការ។ ទីក្រុងបុរាណរបស់ Byzantine ដែលឈ្មោះ Dead Cities ត្រូវបានបោះបង់ចោលនិងស្ថិតនៅលើភ្នំថ្មនិងទំនាបនៃភាគពាយព្យនៃប្រទេសស៊ីរីដោយមានសំណង់សល់ពីថ្ម និងផ្នូរបុរាណជាច្រើនដែរ៕

សម្រួលអត្ថបទ៖ ឡុង បញ្ញា