ទីតាំងផ្ញើម៉ូតូនៅតំបន់ផ្លូវថ្មើរជើង នឹងត្រូវបិទទាំងស្រុង ប្រសិនបើ នៅតែយកថ្លៃលើសការកំណត់របស់អាជ្ញាធរ

ភ្នំពេញ ៖ បើទោះបីជា អាជ្ញាធរខណ្ឌដូនពេញ បានហៅម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ មួយចំនួនមកអប់រំ អពីបញ្ហាតំលៃនៃការផ្ញើក៏ដោយ ក៏នៅមានម្ចាស់ទីតាំងផ្ញើកង់ម៉ូតូ មួយចំនួននៅតំបន់ផ្លូវថ្មើរជើង នៅតែបំពានការជូនដំណឹងរបស់អាជ្ញាធរខណ្ឌដូនពេញ ដោយយកលុយពីភ្ញៀវលើសពីគោលការណ៍អាជ្ញាធរបានកំណត់ ហើយភ្លាមៗអាជ្ញាធរខណ្ឌក៏បានអញ្ជើញម្ចាស់ទីតាំងមកធ្វើការអប់រំផងដែរ។
បើតាមការបញ្ជាក់របស់ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានឱ្យដឹងថា អាជ្ញាធរបានអនុញ្ញាតឱ្យយកតម្លៃ ១០០០រៀលពីភ្ញៀវក្នុងមួយម៉ូតូប៉ុណ្ណោះ ប៉ុន្តែម្ចាស់ទីតាំងនោះបានយកលុយរហូតដល់៣០០០រៀល ក្នុងម៉ូតូមួយគ្រឿង។ ម្ចាស់ទីតាំងដែលដាក់ផ្ញើម៉ូតូ ស្ថិតនៅផ្ទះលេខ៤៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
លោកបន្តថា តាមយៈការហៅម្ចាស់ទីតាំងផ្ញើម៉ូតូមកសួរនាំ គាត់បានឆ្លើយថា អ្នកយកមកផ្ញើគឺផ្ញើយូរ តែធម្មតាគាត់យកតែ១០០០រៀលទេ ហើយផ្ទះដែលគាត់ដាក់ផ្ញើនោះជាទីតាំងជួលផ្ទះគេផ្ញើ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ចាប ឌីណា អភិបាលរងបានសង្កត់ធ្ងន់ និងបានណែនាំដាច់ខាត់មិនឲ្យយកលើស ១០០០រៀលទេក្នុងម៉ូតូ១គ្រឿង ហើយបើទទួលផ្ញើមិនបានទេអាចឈប់បាន។
លោកអភិបាលរងខណ្ឌដូនពេញ សង្កត់ធ្ងន់ថា គ្រប់ទីតាំងទទួលផ្ញើម៉ូតូទាំងអស់នៅផ្លូវថ្មើរជើង Walk Street អាជ្ញាធរមិនអនុញ្ញាតឱ្យយកលើសពី១ពាន់រៀលនោះឡើយ ករណីមានបាតុភាពយកលើសសូមបងប្អូនប្តឹងមកអាជ្ញាធរ ដើម្បីអាជ្ញាធរធ្វើកិច្ចសន្យាព្រមាន ករណីមិនគោរព នឹងឈានដល់ការរំសាយទីតាំងអាជីវកម្មចោលតែម្តង៕