ទីក្រុង Los Angeles ដាក់ពាក្យបណ្តឹងទៅកាន់ប្រធានាធិបតី Donald Trump ជុំវិញសកម្មភាពវាយឆ្មក់ជនអន្តោប្រវេសន៍ក្នុងរដ្ឋ

អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានប្រកាសនៅក្នុងសន្និសីទកាលពីថ្ងៃអង្គារនេះថារដ្ឋបាលក្រុង Los Angeles កំពុងចូលរួមតវ៉ាតាមផ្លូវច្បាប់ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Trump ដែលបានចុះអនុវត្តច្បាប់បោសសំអាតជនអន្តោប្រវេសន៍ដែលមិនត្រឹមត្រូវសម្រាប់ភារកិច្ចថ្នាក់រដ្ឋ។ ការតវ៉ាតាមច្បាប់នេះ ត្រូវបានដាក់ស្នើដោយក្រុមអភិរក្សសិទ្ធិជនអន្តោប្រវេសន៍កាលពីសប្តាហ៍មុនរួចម្តងហើយ។ ពួកគេចង់បានការផ្អាកបណ្តោះអាសន្នដើម្បីបញ្ឈប់រដ្ឋបាលលោក Trump និងមិនអោយចេញសកម្មភាពចាប់ខ្លួនពួកគេដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ និងបដិសេធនូវដំណើរការរបស់ជនដែលត្រូវជាប់ឃុំដែរ។ អធិការរដ្ឋលោក Hydee Feldstein Soto បាននិយាយថា៖ ការតវ៉ានេះមិនមែនជាការបដិសេធការអនុវត្តច្បាប់អន្តោប្រវេសន៍នោះទេ ប៉ុន្តែជាការប្រឆាំងនឹង “វិធីសាស្រ្តដែលមិនស្របច្បាប់ដែលផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ” ដូចដែលរដ្ឋាភិបាលលោក Trump កំពុងអនុវត្តន៍នោះតែម្តង។ គួរបញ្ជាក់ថាអាជ្ញាធរសហភារដ្ឋ និងទាហានជាតិអាម៉េរិកបានមកដល់សួនសាធារណៈ MacArthur Park នៅទីក្រុង Los Angeles កាលពីព្រឹកថ្ងៃច័ន្ទដោយមានប្រដាប់អាវុធ និងកម្លាំងកងទ័ពសេះ។ យ៉ាងណាមិញជនអន្តោប្រវេសន៍នៅទូទាំងតំបន់ Los Angeles មានអារម្មណ៍ភ័យខ្លាចជាយូរមកហើយ បន្ទាប់ពីរដ្ឋបាល Trump បានបង្កើនការចាប់ខ្លួនពួកគេនៅកន្លែងជាច្រើន មានដូចជាស្ថានីយលាងរថយន្ត ផ្លូវចតរថយន្ត Home Depot សាលាអន្តោប្រវេសន៍ និងសហគ្រាសនានា។ មានព័ត៌មានចចាមអារ៉ាមជាច្រើនស្តីពីការចាប់ខ្លួននាពេលខាងមុខនៅសួន MacArthur Parkដែលតំបន់នេះជាតំបន់ដែលមានជនអន្តោប្រវេសន៍មកពីម៉ិចស៊ិក ខាងកណ្តាលអាមេរិក និងជនជាតិផ្សេងៗជាច្រើនទៀតដែលមានមូលដ្ឋានច្បាស់លាស់ ដោយឲ្យឈ្មោះថា “Ellis Island of the West Coast” ។ គួររំលឹកថាមានកងទ័ពជាតិប្រមាណ ៤.០០០ នាក់ដែលមក ពី California National Guard និងទាហានអាម៉េរិកជាច្រើនរយនាក់ត្រូវបានចពង្រាយទៅទីក្រុង Los Angeles ចាប់តាំងពីខែមិថុនាហើយការពង្រាយនេះគឺផ្ទុយទៅនឹងបំណងរបស់អភិបាលរដ្ឋ California លោក Gavin Newsom ផងដែរ។ ជាងនេះទៅទៀតកាលពីសប្តាហ៍មុន កងយោធាបានប្រកាសថាមានទាហានប្រហែលជា ២០០នាក់ បានត្រឡប់ទៅកាន់ជំរុំពួកគេវិញដើម្បីជួយអន្តរាគមន៍នឺងគ្រោះអគ្គីភ័យ។ ទោះជាយ៉ាងនេះក្តីក៏លោកប្រធានាធិបតី Trump បានសន្យាថានឹងបណ្ដេញជនអន្តោប្រវេសន៍ចេញពីសហរដ្ឋអាមេរិក ហើយលោកបានបង្ហាញពីការត្រៀមប្រើកម្លាំងយោធាក្នុងប្រទេសសម្រាប់ប្រតិបត្តិការនេះដែលធ្វើឲ្យប្រធានាធិបតីមុនៗភាគច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា