ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ក្រោមប្រធានបទ “ជំនាន់យុវជនសន្តិភាព? ការរួមចំណែករបស់យុវជន ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសុខសន្តិភាព” (Génération paix? Contributions de la jeunesse pour un monde plus apaisé)
រាជធានីភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ក្រោមប្រធានបទ “ជំនាន់យុវជនសន្តិភាព? ការរួមចំណែករបស់យុវជន ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសុខសន្តិភាព” (Génération paix? Contributions de la jeunesse pour un monde plus apaisé) រួមជាមួយ ឯកឧត្តម Christian DESROCHES ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់តំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ ដៃគូអភិវឌ្ឍន៍ មន្ត្រីរាជការ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស សរុបចំនួនប្រមាណជាង ១៥០០នាក់។
ឯកឧត្តម Christian DESROCHES ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាឱកាសក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសដែលប្រើប្រាស់ភាសាបារាំង ដែលរួមមានប្រទេសកាណាដាផងដែរ ដែលចំណងសាមគ្គីភាពនេះ ពិតជាដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ហ្វ្រង់កូហ្វូននាពេលបច្ចុប្បន្ន។ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា អំឡុងពេលបំពេញការងារជាឯកអគ្គរដ្ឋទូតនៅប្រទេសកម្ពុជា ឯកឧត្តមបានសង្កេតឃើញថាភាសាបារាំងត្រូវបានប្រើប្រាស់នៅស្ទើរតែគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តការសហការជាមួយកម្ពុជា ក៏ដូចជាស្ថានទូតបារាំងប្រចាំកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះដែរ លោក Yann DELAUNEY អគ្គនាយក France Volontaires ក៏បានលើកឡើងពាក់ព័ន្ធនឹងបម្លាស់ប្ដូរអ្នកស្ម័គ្រចិត្តរវាងប្រទេសកម្ពុជា និងប្រទេសបារាំង។ លោកអគ្គនាយកក៏បានលើកឡើងដែរថា ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបានបញ្ជូនអ្នកស្ម័គ្រចិត្តជារៀងរាល់ឆ្នាំដើម្បីចូលរួមក្នុងកម្មវិធីបម្លាស់ប្ដូរនេះ ដែលជាការរឹតចំណងរវាងសហគមន៍ និងយុវជននៃសហគមន៍ហ្វ្រង់កូហ្វូន ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យបានគង់វង្សយូរអង្វែង។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់តាមរយៈការប្រារព្ធទិវាអន្តរជាតិនេះ នូវការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយសហគមន៍ភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍ និងអនាគតនៃភាសាបារាំង ព្រមទាំងជាការចូលរួមចំណែកដើម្បីឱ្យពិភពលោកកាន់តែមានសុខសន្តិភាព ផ្សារភ្ជាប់ទៅនឹងប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចផងដែរថា កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៦នេះ ដែលជាព្រឹត្តិការណ៍អន្តរជាតិធំលើកទីពីរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីត្រូវបានរៀបចំឡើងជាលើកទី១ក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាព្រឹតិ្តការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា។ ដើម្បីអបអរទិវានេះ គ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំង បានចូលរួមសម្ដែងទស្សនីយភាពនានា រួមមាន៖ របាំប្រជាប្រិយ ចម្រៀងសម័យ និងការសម្ដែងរឿងខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕



