ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail លើកទី៩ អ្នកចុះឈ្មោះចូលរួមមិនថមថយ ដូចទៅនិងឆ្នាំមុនដែរ 

គិតមកដល់ថ្ងៃនេះ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៩ ឆ្នាំ ២០២៦ ឬ Angkor Ultra Trail មានអ្នកចុះឈ្មោះចូលរួមជាង១០០០នាក់ហើយ ដោយភាគច្រើនគឺកម្ពុជា។

ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៍មាន នាព្រឹកថ្ងៃទី៦ ខែមករាឆ្នាំ២០២៦ ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង អប់រំយុវជន និងកីឡា និង ជាអគ្គលេខាធិការNOCC មានប្រសាសន៍ថា ការរៀបចំ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរ លើកទី៩ ឆ្នាំ ២០២៦ ឬ Angkor Ultra Trailធ្វើឡើងក្នុងគោលបំណងចម្បង ចំនួន២ ទី១ គឺជួយលើកកម្ពស់វិស័យទេចរណ៍ ពិសេសវិស័យទេសចរណ៍នៅតំបន់អង្គរ និងទី២ គឺធ្វើឡើងដើម្បីផ្នែកមនស្សធម៍ ។ ឆ្នាំនេះទៀតសោត ក្រុមហ៊ុន ហ្វ៏រនិកនីហ្វ័រយ៉ា និងប្រមូលយកថវិកា ដែលទទួលបាន ពីការលក់សំបុត្រ ទៅជួយដល់អង្គការមនុស្សធម៍ ជួយជួសជុលសាលារៀន សាងសង់អណ្តូងទឹក ជាដើម ។

ឯកឧត្តម បន្ថែមថា ការរៀបចំលើកនេះ សម្រាប់អ្នកចូលរួមរត់គឺមិនថមថយទេ ដូចទៅនិងឆ្នាំមុនដែរ គឺជាង១ពាន់នាក់ ហើយគិតមកដល់ថ្ងៃនេះ មានចំនួន១២២៩នាក់ហើយ ខណៈការចុះឈ្មោះនៅតែបន្ត ជាក្តីសង្ឃឹមអាចកើនដល់១៥០០នាក់។

សន្ទុះនៃការចូលរួមរបស់កម្ពុជា គឺមានការកើនឡើង ក្នុងនោះ កម្ពុជាជាប់លេខ១ ដោយមានអ្នកចូលរួមច្រើនជាងគេ ជាង៥០០នាក់ហើយ លេខ២បារាំង ៤០០នាក់ជាង ហើយវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣។

ឯកឧត្តម បញ្ជាក់ថា អ្វីដែលយើងត្រូវខិតខំប្រឹងប្រែងក្នុងការរៀបចំព្រឹត្តការណ៍នេះធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត ថោងខុន ប្រធានគណៈកម្មាធិកាជាតិអូឡាំពិកម្ពុជា ត្រូវធ្វើយ៉ាងណាឲ្យព្រឹត្តការណ៍នេះ ក្លាយទៅជាព្រឹត្តការណ៍មួយពិសេស សម្រាប់ទេសចរណ៍នៅតំបន់អង្គរ និង វិស័យទេសចរណ៍ជាតិយើងទាំងមូល។ ពីព្រោះឆ្នាំក្រោយ គឺជាខួបលើកទី១០ ប្រសិនជាកម្ពុជាមានស្ថានភាពល្អប្រសើរ យើងនិងត្រៀមអ្នកចូលរួម ឲ្យបានចំនួន៥ពាន់នាក់ ដោយចំនួននេះគឺច្រើនលើសលប់ និងជាទីមោទនសម្រាប់ជាតិយើងមួយដែរ ព្រោះបើប្រៀបធៀបទៅនិងប្រទេសផ្សេងមានអ្នកចូលរួមតែ៣ទៅ៤០០នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៩ ឆ្នាំ ២០២៦ ឬ Angkor Ultra Trailនិងធ្វើឡើងនាថ្ងៃទី២៤ខែមករាឆ្នាំ២០២៦ខាងមុខនេះ រៀបចំឡើងដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហការរៀបចំ ដោយ: លោក EDOUARD GEORGE ប្រធានក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Phoenix Voyage ប្រធានប្រតិបត្តិការដោយ លោក JEAN CLAUDE LE CORNEC អ្នកចាត់ការទូទៅដោយនិងលោក LE DIZES LUDOVIC ។ សម្រាប់វិញ្ញាសារួមមាន៖ រត់១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២គីឡូ ៣២គីឡូ ១៨គីឡូ និង ៨គីឡូម៉ែត្រ ។ ការរត់ Ultra Trilនេះ ខុសពីរត់ម៉ារ៉ាតុង ដោយអ្នកចូលរួមទាំងអស់មិនមែនរត់ផ្លូវកៅស៊ូនោះទេ គឺរត់ឆ្លងកាត់ឧបសគ្គ ចូលតាមភូមិស្រុក កាត់វាល រត់កាត់ព្រៃ ព្រោះនេះប្រភេទកីឡាមួយផ្សាភ្ជាប់ទៅនិងធម្មជាតិ៕