ទិដ្ឋភាពដ៏អស្ចារ្យរបស់សិស្សប្រលងបញ្ចប់វិទ្យាល័យថ្នាក់ជាតិឆ្នាំ២០២៥នេះមានចំនួន១៣.៣៥លាននាក់នៅទូទាំងប្រទេសចិនមានរយៈពេល៣ថ្ងៃ

នៅប្រទេសចិនការប្រលងបញ្ចប់ថ្នាក់វិទ្យាល័យគឺជារឿងសំខាន់បំផុតសម្រាប់ជីវិតជាសិស្ស និងសម្រាប់អាណាព្យាបាលសិស្សគ្រប់រូបមិនខុសអីពីការប្រលងបាក់ឌុបនៅប្រទេសកម្ពុជាយើងឡើយ គ្រាន់តែនៅប្រទេសចិនសិស្សចូលប្រលងអាចស្លៀកពាក់ចូលប្រលងបែបធម្មតាបាន មិនមែនជាឯកសណ្ឋានសិស្សសាលាដូចខ្មែរយើងឬ ភាសារចិនឲ្យឈ្មោះថា gaokao (កាវខាវ)ដែលមានន័យថាប្រលងបញ្ចប់ថ្នាក់វិទ្យាល័យ ចូលមហាវិទ្យាល័យ។ នៅឆ្នាំ២០២៥នេះ ការប្រលងបញ្ចប់វិទ្យាល័យប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែមិថុនា ហើយជាពេលវេលាដែលសិស្សានុសិស្សគ្រប់វិទ្យាល័យទាំងអស់នៅក្នុងប្រទេសចិនត្រូវតែកាន់ប៊ិចរបស់ពួកគេតែមួយមុខប៉ុណ្ណោះចូលទៅកាន់បន្ទប់ប្រលង ដើម្បីត្រៀមខ្លួនចូលថ្នាក់មហាវិទ្យាល័យរបស់ប្រទេសចិន។ វាជាព្រឹត្តិការណ៍ដ៏ធំប្រចាំងឆ្នាំ និងមានភាពកក់ក្តៅបំផុតសម្រាប់ប្រជាជនដែលត្រូវតែចំណាយពេលមកគាំទ្រ និង រង់ចាំលើកទឹកចិត្តកូនៗរបស់ពួកគេ។ ការប្រឡងដ៏មានសារៈសំខាន់ក្នុងឆាកជីវិតរបស់ពួកគេនៅទូទាំងប្រទេសគឺមានរយៈពេល២ថ្ងៃជាប់គ្នា។ ជាទំនៀមទំលាប់ពណ៌ក្រហមគឺជាពណ៌មួយដ៏សំខាន់សម្រាប់ថ្ងៃប្រលងដោយឪពុកម្តាយខ្លះបានស្លៀកពាក់ ពណ៌ក្រហមបែប cheongsam ឬ qipao សម្រាប់ពាក្យចិនមានន័យដូចគ្នាថា “ឈ្នះ ឬ ជោគជ័យ” ពេលជូនកូនៗរបស់ពួកគេចូលបន្ទប់ប្រលង ខណៈដែលសិស្សខ្លះបានចងខ្សែបូពណ៌ក្រហមនៅលើសក់របស់ពួកគេដើម្បីនាំសំណាងល្អដែរ។ ចំណែកផ្កាឈូករ័ត្នវិញ (ភាសាចិនមានន័យថា “ទទួលបានចំណាត់ថ្នាក់កំពូល”) ក៏ត្រូវបានគេប្រទះឃើញច្រើននៅក្នុងដៃរបស់ឪពុកម្តាយ អាណាព្យាបាលរបស់សិស្សាដែរ ផ្កាឈូករ័ត្នជានិមិត្តរូបនៃក្តីសង្ឃឹមរបស់ពួកគេសម្រាប់ភាពជោគជ័យក្នុងការសិក្សានៃកូនៗរបស់ពួកគេ។ សកម្មភាពនៃសាមគ្គីភាពជាច្រើនបានលេចធ្លោមក ដោយមានបដា ពាក្យជូនពរពីលោកគ្រូ អ្នកគ្រូ និង ក្រុមសាច់ញាតិ។ gaokao មិនត្រឹមតែជាផ្ទាំងទស្សនីយភាដ៏អស្ចារ្យនៅប្រទេសចិននោះទេ ប៉ុន្តែវាជាពេលវេលារួមដ៏សំខាន់បំផុតនៃការរំពឹងទុកនិងការគាំទ្រពីសំណាក់ក្រុមគ្រួសារទៅកាន់ជីវិតជាសិស្សវិទ្យាល័យនៃកូនៗរបស់ពួកគេដែរ។ ការប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិរបស់ប្រទេសចិន ឬ gaokao នេះបានបញ្ចប់នៅថ្ងៃទី១០ខែមិថុនាឆ្នាំ ២០២៥ ដោយចាប់ផ្ដើមពីថ្ងៃសៅរ៍មកនៅទូទាំងប្រទេស ដោយមានសិស្សវិទ្យាល័យចិនសរុបចំនួន១៣.៣៥លាននាក់ បានអង្គុយប្រឡងដោយសមត្ថភាពពិត អ្នកចេះនឹងជាប់ គឺខ្លួនទីពឹងខ្លួន និង មានតែម្តងគត់។ សិស្សវិទ្យាល័យចិនរាប់លាននាក់បានចូលប្រលង ហើយរត់ចេញមកវិញពេលបញ្ចប់ថ្ងៃទី១ ដែលមើលទៅពិតជាច្រើន និង រំភើបខ្លាំងណាស់ ខ្លះរត់មករកឪពុកម្តាយរបស់ពួកគេ ទាំងទឹកមុខធូរស្រាយ និងរីករាយបំផុតដែលបានឈានមកដល់ដំណាក់កាលនេះ។ ទិដ្ឋភាពរត់ចេញមកយ៉ាងប្រសាចនិងរស់រវើក មកខាងក្រៅខ្លះមានមនុស្សវាយស្គររង់ចាំ និងស្រែកហ៊ោកញ្ជ្រៀវ ជូនពរបេក្ខជនប្រឡងទាំងអស់ឲ្យប្រលងជាប់ ប្រសិនបើពួកគេជាប់ ពួកគេនឹងចាប់ផ្តើមបំពេញពាក្យសុំចូលថ្នាក់មហាវិទ្យាល័យរបស់ពួកគេនៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៥ខាងមុខដែលជាមហាវិទ្យាល័យរបស់រដ្ឋទាំងអស់។ លើសពីនេះដែរអាជ្ញាធរអប់រំបានដាស់តឿនសិស្សានុសិស្ស និងមាតាបិតាត្រូវតែប្រុងប្រយ័ត្នចំពោះសេវាកម្មប្រឹក្សាកម្មវិធីតាមសាកលវិទ្យាល័យដែលមានតម្លៃថ្លៃ ក្នុងគោលបំណងប្រើឥទ្ធិពលនេះគ្រប់គ្រងលើគ្រួសាររបស់ពួកគេដែលខុសពីគោលការណ៍ច្បាស់របស់ប្រទេស។ សម្រាប់ប្រជាជនចិន និង រដ្ឋាភិបាលចិនការប្រលងនេះគឺមានសារៈសំខាន់ណាស់ដើម្បីជ្រើសរើសអ្នកដែលចេះពិតប្រាកដចូលរៀនថ្នាក់មហាវិទ្យាល័យ និង ត្រូវជំនាញដែលពួកគេប្រលងជាប់ បន្ទុកសិក្សាទាំងអស់គឺរដ្ឋាភិបាលចិនជាអ្នកទទួលខុសត្រូវ ហើយពួកគេនឹងទទួលបានការងារល្អៗក្រោយចប់មហាវិទ្យាល័យ ព្រោះសម្រាប់ប្រទេសចិនការអភិវឌ្ឍន៍ធនធានមនុស្សគឺសំខាន់ជាងអ្វីៗទាំងអស់ ដើម្បីឈានទៅដល់ការអភិវឌ្ឍន៍ធនធានផ្សេងៗ ដែលនេះគឺជាគន្លឹះមួយដែលធ្វើឲ្យប្រទេសចិនមានភាពរីកចម្រើនស្ទើតែគ្រប់វិស័យ៕

 

សម្រួលអត្ថបទ៖ Borinika Sopharin